បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កន្លែងម៉ាស្សាកោសជប់មួយកន្លែង ត្រូវបានជនមិនស្គាល់មុខយកសាំងចូលទៅដុ.ត បណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះម៉ាស្សាកោសជប់១០០០០រៀល ជិតស្ថានីយបូមទឹកបឹងទំពន់ ផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីនារីជាបុគ្គលិកបំរើការនៅទីតាំងខាងលើ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ ពួកគាត់កំពុងតែអង្គុយជុំគ្នានៅខាងមុខផ្ទះ ដើម្បីរង់ចាំបំរើសេវាកម្មកោសជប់ម៉ាស្សាដល់ភ្ញៀវ។ ស្របពេលនោះ ក៏ស្រាប់តែបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខមួយគ្រឿង បានជិះមកឈប់ រួចទម្លាក់បុរសម្នាក់ ដោយមានយួរធុងទឹកកកតូចមួយដើរចូលទៅក្នុងបន្ទប់កោសជប់តែម្តង»។
ប្រភពដដែលបានអោយដឹងបន្តថា «បន្ទាប់ពីឃើញបុរសម្នាក់នោះចូលទៅក្នុងបន្ទប់ហើយ ពួកគាត់ជានារីៗស្មានតែបុរសរូបនោះមករកសេវាម៉ាស្សាកោសជប់ តែមានអីក៏ស្រាប់តែឃើញបុរសរូបនោះរត់ចេញមកក្រៅវិញ រួចហើយឡើងជិះម៉ូតូជាមួយមិត្តភក្តិរត់គេចចេញទៅបាត់ ចំណែកក្នុងបន្ទប់កោសជប់វិញ ក៏មានអណ្ដាតភ្លើងឆាបឆេះពូក និងខោអាវយ៉ាងសន្ធោសន្ធៅតែម្ដង»។
ប្រភពដដែលបានអោយដឹងបន្តទៀតថា ភ្លាមនោះពួកគាត់នាំគ្នាស្រែកឆោឡោថា មានភ្លើងឆេះ ផ្អើលអស់ប្រជាពលរដ្ឋនាំគ្នាជួយយកទឹក និងបំពង់ពន្លត់អគ្គិភ័យមកបា.ញ់ពន្លត់អស់ជាច្រើនបំពង់ ទើបធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃដដែល ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ ក៏មានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅដល់កន្លែងកើតហេតុចំនួន១គ្រឿងដែរ តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារពលរដ្ឋជួយគ្នាពន្លត់ទាន់ពេលវេលាទៅហើយ។
ចំពោះហេតុការណ៍នេះវិញ គឺមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយក៏មិនមានឆេះរាលដាលដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋណាផ្សេងទៀតដែរ គឺគ្រាន់តែខូចខាតសម្ភារៈមានដូចជា ពូកអស់១ និងខោអាវអស់មួយចំនួនតែប៉ុណ្ណោះ។ ចំណែកឯមូលហេតុ គឺមានជនមិនស្គាល់អត្តសញ្ញាណ បានយកសាំងដាក់ចូលក្នុងធុងទឹកកកតូច រួចមកចាក់សាំងដុត ទើបបង្កក្លាយជាអគ្គិភ័យតែម្តង៕
ដកស្រង់ពីkohsantepheapdaily