ព្រះសីហនុ៖ ប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើលហេតុការណ៍កម្មករសំណងច្រើននាក់បានដាច់ខ្សែជណ្តើរយោងធ្លាក់ពីលើអគារ និងបានសម្តែងក្តីអាណិតអាសូរពួកគេដែលមានជីវភាពខ្វះខាតស្រាប់ហើយមកជួបរឿងអកុសល្យបែបនេះទៀត។ បើតាមប្រភពពីកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុនេះមានកម្មករប្រុស-ស្រីបានស្លាប់និងរងរបួសយ៉ាងហោចណាស់៥នាក់ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។
បើតាមកំណត់ហេតុសមត្ថកិច្ចបញ្ជាក់ថា ករណីដាច់ធ្លាក់ជណ្ដើរយោងនេះកើតឡើងនៅជាន់ទី១៥ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ (ប្រុសម្នាក់ស្ត្រីម្នាក់)ដែលជាប្តីនិងប្រពន្ធ។ ក្រោយមកប្រពន្ធបានស្លាប់នៅពេលកំពុងបញ្ជូនទៅសង្គ្រោះ រីឯម្នាក់ទៀតជាប្តីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មនុស្សទាំង៤នាក់ ដែលស្លាប់រួមមាន៖ ទី១៖ ឈ្មោះ វល៌្ល អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី២៖ ឈ្មោះ នូ ស៊ីនួន អាយុ៣៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី៣៖ ឈ្មោះ រ៉ាន ភាស់ អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ, ទី៤៖ ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។ ខណៈអ្នករបួសដែលកំពុងសង្គ្រោះឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត៕