ស្ទឹងត្រែង៖ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាប់រំលំឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងរួចមក ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានចេញបទបញ្ជាឲ្យអាជ្ញារធរស្រុក និងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងចំណុចខាងលើនេះ។

ក្រោយទទួលបានបទបញ្ជានេះរួចហើយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង សុភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងការកាត់រំលំនេះ។

តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អារច្រៀកខាងលើនេះ អារជាគ្រឿងផ្ទះ ជាប្រភេទឈើទាល ចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះ មានអង្កត់ផ្ជិតចាប់៤០សងទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ។

សេចក្តីសន្និដ្ឋានរបស់ក្រុមការងារ ករណីខាងលើនេះជាករណីកាប់រំលំ អារច្រៀកឈើ បន្ទាប់មកកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ។

បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រឹត្ត ដើម្បីចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *