កំពង់ធំ ៖ ពិតជា​រឿង​ដ៏ថ្មីបំផុតមិនធ្លាប់​មាន​មែន ដោយសមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ បានហៅ​ពលរដ្ឋ​មួយរូប​ឱ្យចូលមកធ្វើកិច្ច​សន្យា និងសុំទោស​ ព្រោះតែ​ពលរដ្ឋម្នាក់នេះ បានចូល​ទៅ​ខមិន​​​លើ​ផេក​ស្នង​ការខេត្ត​កំពង់ធំ រឿង​ធ្វើសៀវភៅគ្រួសារ និ​ងសៀវ​ភៅ​ស្នាក់​នៅ ។

យោងតាម​របយាការណ៍របស់អធិការ​ដ្ឋាន​​ ស្រុកសណ្ដាន់​ ផ្ញើ​ជូន​លោក​ស្នងការ​ខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណនីហ្វេសប៊ុក​ឈ្មោះ សុភ័ក្រ សឿង បាន​ខមិន​ចូលក្នុង​ផេក​របស់​ស្នងការ​ដ្ឋាន​​នគរ​បាលខេត្តកំពង់ធំ ដោយបានសរសេររៀបរាប់ថា ៖ ជម្រាបសួរ​បាទ ចុះបើធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅស្នាក់នៅ​វិញ តើប៉ុន្មានថ្ងៃទើប​ធ្វើបាន ខ្ញុំ​ធ្វើ​តាំងពីខែ១១ ឆ្នាំ ២០២៤ ពេលនេះមិនទាន់ទេ នៅស្រុក​សណ្ដាន់​ខេត្តកំពង់ធំ ។​

តាមការ​បំភ្លឺ​របស់​ប៉ុស្តិ៍​នគរ​បាល​មាន​រិទ្ធ​បានបញ្ជាក់ថា​នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤​ មានប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ​សឿង សុភ័ក្រ​ ភេទ​ប្រុសរស់នៅភូមិ​ត្បូងទឹក ឃុំ​មានរិទ្ធ​​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បានមក​បំពេញ​បែ​បបទផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ និងធ្វើសៀវភៅស្នាក់​នៅ​ សៀវភៅ​គ្រួសារ​ ហើយពេល​នោះ​ដែរ មន្ត្រី​ទទួល​ការងារ​ប៉ុស្តិ៍​មានរិទ្ធ​បានត្រួតពិនិត្យ​មើលឯកសារ​របស់​គាត់ ដើម្បីធ្វើសៀវភៅ​ ដោយសារ​គាត់​ខ្វះ​ឯកសារ​មួយច្បាប់​គឺសេចក្ដី​ចម្លង​ (​សំបុត្រអាពាហ៍ពិពាហ៍) ហើយ​មន្ត្រីទទួល​ការងារ​ប៉ុស្តិ៍​មានរិទ្ធ​បាន​ណែ​នាំ​គាត់​ឱ្យ​គាត់​ទៅចម្លង​(សំបុត្រ​អាពាហ៍ពិពាហ៍ នៅសាលា​ស្រុកសណ្ដាន់​តាំងពីថ្ងៃនោះ រហូតដល់​មុនថ្ងៃ​ដែល​គា​ត់​បានខមិនចូលផេក​របស់​ ស្នងការ​ដ្ឋាន​នគរ​បាលខេត្តកំពង់ធំ ពុំ​ដែលទំនាក់ទំនង​ទៅប៉ុស្តិ៍​រដ្ឋបាល​មានរិទ្ធ​វិញទេ ។ ។

បើតាមរបាយការណ៍​ដដែល​ឱ្យដឹងថា ចំពោះ​ដំណោះស្រាយ​សមត្ថកិច្ច​បានអញ្ជើញ​ម្ចាស់គណនីហ្វេសប៊ុក​នោះមក​កាន់​ផែនជំនាញអត្ត​សញ្ញាណកម្ម​ដើម្បីសួរនាំគាត់​និងពន្យល់​អំពីនីតិវិធីធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​ ធ្វើ​សៀវភៅ​ (ក២) ធ្វើសៀវភៅ​គ្រួសារ​ (ក៤) ឱ្យគាត់បានយល់​ថា​ជំនាញ​តម្រូវ​យក​ឯក​មួយចំនួន​ដូច​បានរៀប​រាប​ខាងលើនេះ នៅពេល​នោះគាត់បានយល់ ហើយគាត់ទទួលស្គាល់​នូវ​កំហុស​គាត់ និងយល់ព្រម​ធ្វើកិច្ច​សន្យា​ជាមួយនគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​មានរិទ្ធមិនឱ្យ​មានជាលើកទី២​ទៀត ។​

ដោយឡែក​នៅលើទំព័រហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាននគរ​បាលខេត្តកំពង់ធំ បានបក​ស្រាយ​បំភ្លឺថា​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមជម្រាប ជូនសាធារណជន អ្នកលេងបណ្តាញសង្គម ក៏ដូចជា Page ដែលបាន comment ឆ្លើយតបក្នុង page ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអ្នកដែលត្រូវបានលោក អធិការស្រុក អញ្ជើញ អ្នកcomment សួរថាតើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ធ្វើប៉ុន្មានថ្ងៃបានជាយូរដែរ ហើយពេលនោះ លោកអធិការ ក៏បានហៅឈ្មោះ សឿង សុភ័ក្រ ដែលជាអ្នក comment ក្នុងPage ស្នងការដ្ឋាននគរបាលខេត្ត មកធ្វើកិច្ចសន្យា អប់រំ ដើម្បីបញ្ឈប់ នូវពាក្យសរសេរcommentខាងលើ ដែលនេះគឺជាការខុសឆ្គង របស់សមត្ថកិច្ចសម្រាប់បងប្អូនប្រជាពលរដ្ឋ ។

ក្នុងនាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ សូមធ្វើការអធ្យាស្រ័យនិងកែតម្រូវឡើងវិញ នូវការធ្វេសប្រហែ​ស​របស់អធិការដ្ឋាននគរបាល ស្រុកសណ្តាន់ ដែលបានអញ្ជើញឈ្មោះ ខាងលើមកធ្វើកិច្ចសន្យា (មិនមែនធ្វើកិច្ចសន្យាទេ គឺធ្វើការបំភ្លឺ ពាក់ព័ន្ធនិងការខ្វះឯកសារ របស់បុគ្គលនេះ) ៕

Leave a Reply

Your email address will not be published. Required fields are marked *