ខេត្តមណ្ឌលគិរី ៖ បុរសជើងឆើតចូលចិត្តសម្ញែញដុល្លាខ្មោចបង្អួតនាងៗយកទៅផឹកស៊ី បញ្ច្រកនារីទាំងនោះឲ្យស្រវឹង រួចលួចដោះគ្រឿងអលង្ការ លុយ ទូរសព្ទ ត្រូវអស់លក្ខណ៍សមត្ថកិច្ចឃាត់ខ្លួនជាប់ឃុំបានសម្រេច។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌក្រុងបានលុងខេត្តរតនគិរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់មូនរតនៈ ពាក់ព័ន្ធករណី លួច (ខ្សែដៃ ទូរសព្ទ័ និងលុយខ្មែរ)ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៤ និង២០នាទី។
ជនសង្ស័យឈ្មោះ សួ ពិសិដ្ឋ ភេទ ប្រុស អាយុ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បន្តថា យោងពាក្យបណ្ដឹងរបស់ទី១ឈ្មោះ ទូច ស្រីនុត ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ។ទី២ពាក្យបណ្ដឹងរបស់ឈ្មោះ ធាន ស្រីលីន ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ។
ទី៣ពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ាវ លីនអរ ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ អ្នកទាំង០៣ មានទីលំនៅសព្វថ្ងៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរៀបរាប់ថាពួកខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណបបួលទៅញាំអីនៅផ្ទះសំណាក់ឈ្មោះ ម៉ាណែល តាមរយៈមេការរបស់ពួកខ្លួន។ លុះពេលទៅដល់ជនសង្ស័យបានអោយពួកខ្លួនជួលបន្ទប់ផ្សេងៗគ្នា ស្រាប់តែមួយសន្ទុះក្រោយមកពួកខ្លួនក៏បានបាត់ទ្រព្យសម្បត្តិសម្ភារៈមានតម្លៃមួយចំនួនរួមមាន៖
១-ទូរសព្ទដៃមួយគ្រឿង ម៉ាក iphone 13 Promax ពណ៌ខៀវ
២-លុយរៀលចំនួន ២៩០ ០០០៛ (ពីរសែនប្រាំបួនម៉ឺនរៀល)
៣-ខ្សែដៃចំនួន ០១ខ្សែ ។
ក្រោយពីធ្វើសកម្មភាពដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិខាងលេីរួចជនសង្ស័យបានគេចខ្លួនបាត់តែម្ដង លុះនៅថ្ងៃទី០៩ ខែវិច្ឆិកា ពួកខ្លួនក៏មកធ្វើការនៅខេត្តរតនគិរីក៏ប្រទះឃេីញជនសង្ស័យ នៅខេត្តរតនគិរី ហេីយពួកខ្លួនក៏ប្ដឹងរាយការណ៍ មកសមត្ថកិច្ចអោយជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលេីតែម្ដង។
សម្ភារៈដកហូតរួមមាន
១-លុយដុល្លារសំរាប់សែនចំនួន ៥២០០ដុល្លារ (ប្រាំពាន់ពីររយដុល្លារ)
២-លុយខ្មែរចំនួន ២៣០០០០រៀល (ម្ភៃបីម៉ឺនរៀល)
៣-លុយដុល្លារ៤០ដុល្លារ (សែសិបដុល្លារ)
៤-ទូរសព្ទដៃចំនួន ០២គ្រឿង
៥-ខ្នាយជ្រូកព្រៃចំនួន០១ និងបណ្តោងព្រះចំនួន០១។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី កម្លាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបានលុង បានប្រគល់ ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ជូនអោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីចាត់ការនីតិវិធីបន្ត៕