មណ្ឌលគិរី៖ នៅក្នុងខែមករាឆ្នាំ២០២៣នេះ គេបានសង្កេតឃើញថា សកម្មភាពនៃលំហូរចូលរបស់អ្នកទេសចរមកកាន់ខេត្តមណ្ឌលគិរី ហាក់មិនទាន់មានសន្ទុះខ្លាំងនោះទេ ខណៈដែលនៅតាមទីសារធាណៈនានា ក៏ដូចជារមណីយដ្ឋានទេសចរណ៍ មានអ្នកទេសចរមកកម្សាន្តដែរ ប៉ុន្តែមិនច្រើនកុះករខ្លាំងនោះទេ ។

នៅថ្ងៃទី២១ មករា ២០២៣ ឈានមកដល់អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅក្រុងសែនមនោរម្យ ត្រូវបានពិនិត្យឃើញថា មានស្ថានភាពស្ងប់ស្ងាត់នៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខេត្តក៏សង្ឃឹមថា ភ្ញៀវទេសចរអាចនឹងចូលមកកម្សាន្តច្រើនកុះករ ចាប់ពីថ្ងៃស្អែកទី២២ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋជាច្រើនក្នុងខេត្ត ដែលរំពឹងចំណូលពីទេសចរណ៍ អាចទទួលបានប្រភពសេដ្ឋកិច្ចពីចរន្តនៃវិស័យទេសចរណ៍នេះ ។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ខេត្តមណ្ឌលគិរីមានអ្នកទេសចរមកកម្សាន្តសរុប ២២៥,៧៤៨នាក់ ក្នុងនោះ ចន្លោះពីខែមករា ដល់ខែកក្កដា ចំនួនអ្នកទេសចរប្រចាំខែ មានចាប់ពីជាង១ម៉ឺននាក់ ដល់ជាង៤ម៉ឺននាក់ ក្នុង១ខែ ប៉ុន្តែពីខែសីហា មកដល់ខែធ្នូ មានខែខ្លះភ្ញៀវធ្លាក់មកជាង៧ពាន់ ទៅជាង៨នាក់ ក្នុង១ខែ ហើយតួលេខចុងក្រោយ អំឡុងពេលបុណ្យឆ្លងឆ្នាំសកល ខេត្តមណ្ឌលគិរី មានអ្នកទេសចរសរុបជាង ១ម៉ឺន ៧ពាន់នាក់មកកម្សាន្ត ថយចុះ៩,៨៨% ក្នុងនោះភ្ញៀវជាតិថយចុះ១០,២៧% ប៉ុន្តែភ្ញៀវអន្តរជាតិ មាន១១២នាក់ កើនឡើង១៧៣% ។ លោក ស៊ាង សឿន បញ្ជាក់ថា ចំពោះទិសដៅអភិវឌ្ឍន៍វិស័យក្នុងខេត្តឆ្នាំ២០២៣ នឹងផ្ដល់ព័ត៌មានពេលក្រោយ រងចាំការប្រជុំសម្រេចសិន ។

អ្នកទេសចរដែលចូលមកកម្សាន្តខេត្តមណ្ឌលគិរី ក៏បានលើកឡើងថា ខេត្តមណ្ឌលគិរីពិតជាមានសក្តានុពលល្អលើវិស័យទេសចរ ពិសេសគឺខ្យល់អាកាសល្អ អាកាសធាតុត្រជាក់ និងមានព្រៃភ្នំ ព្រៃប្រឹក្សាល្អឯក ខុសពីបណ្ដាខេត្តផ្សេងៗទៀត ហើយសម្រាប់សេវាកម្មទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរខ្លះក៏យល់ថាល្អគ្រប់គ្រាន់ហើយ បើធៀបនិងអតីតកាល ប៉ុន្តែភ្ញៀវទេសចរខ្លះទៀតក៏យល់ថានៅមានកម្រិត ដោយនៅតាមរមណីយដ្ឋានមួយចំនួន មិនទាន់មានបន្ទប់ទឹក មិនមានធុងសម្រាប់គ្រប់គ្រាន់ ផ្លូវធ្វើដំណើរទៅរមណីយដ្ឋានខ្លះនៅលំបាក ចំណែកResortសម្រាប់ស្នាក់នៅ បានយកតម្លៃខ្ពស់ជាងតំបន់ទេសចរណ៍នៅខេត្តផ្សេងៗ ។

សូមបញ្ជាក់ថា នៅចុងឆ្នាំឆ្នាំ២០២២ខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ឯកឧត្ដម ថង សាវុន ជាអភិបាលខេត្ត ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើន ពិសេសគឺក្នុងក្រុងសែនមនោរម្យ គឺមានការរៀបចំកែលម្អវិមានឯករាជ្យ រៀបចំសួនកម្សាន្តនៅចំណុចរង្វង់មូលគោព្រៃ និងអភិវឌ្ឍន៍បឹងទំនប់លើ និងនឹងទំនប់ក្រោម ឲ្យក្លាយទៅគោលដៅទេសចរណ៍ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed