ភ្នំពេញ៖ ផ្តើមចេញពីភ្លើងប្រច័ណ្ឌរុញចិត្តឲ្យបុរសម្នាក់ដាច់ចិត្តបាញ់សម្លាប់អតីតប្រពន្ធខ្លួន ដេកស្លាប់ក្នុងថ្លុកឈាមមួយរំពេច បន្សល់ទុកនូវកូនប្រុសក្លាយជាក្មេងកំព្រារ។ ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍។ ខណៈជនសង្ស័យជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅម្តុំផ្សារដីហុយ។ អតីតស្វាមីភរិយាមួយគូនេះបានចាប់ដៃគ្នាជាប្តីប្រពន្ធ បានកូនប្រុស១នាក់ អាយុ១ខួប៩ខែ។ មុនកើតហេតុបាញ់ប្រហារខាងលើនេះពួកគេបានបានលែងលះគ្នាអស់រយៈពេល៣កន្លងមកហើយ ដោយដឹងឮត្រឹមអាជ្ញាធរមូលដ្ឋាន។

មុនកើតហេតុបុរសជាប្តី ដែលជាជនសង្ស័យ បានថតវីដេអូមួយឃ្លីបបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនដែលមានគណនីឈ្មោះ« ជាអូនសន្តិភាព»។ ទន្ទឹមនឹងថតវីដេអូដែលគេឃើញមានសកម្មភាពអតីតប្រពន្ធបានយំឱបកូនប្រុសដោយមិនបានឆ្លើយឆ្លងពាក្យសម្តីអ្វីទេ។ ខណៈបុរសជាប្តីបានថតវីដេអូផងនិងយាយស្អីបន្ទោសឲ្យប្រពន្ធផង និងបានផ្តាំផ្ញើឲ្យកូនប្រុសធំឡើយខំរៀនធ្វើការល្អបានប្រាក់ខែល្អទើបគេមិនមាក់ងាយ។ ក្រៅពីនេះអមជាមួយនឹងវីដេអូដែលផុសក្នុងហ្វេសប៊ុក បុរសជាប្តីបានសរសេរCaptionថា៖ « ខ្ញុំសុំទោសម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំ គេមិនផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាក់ប៉ាជួយដាក់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាន និងប្រពន្ធខ្ញុំដល់ឱ្យ និងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន »។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយបុរសជាអតីតប្តីបានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើតជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿងអតីតប្រពន្ធ មានសាហាយស្មន់ ដែលនាំឱ្យលែងលះ។ ក្រោយឈ្លោះប្រកែកសម្តីគ្នាមួយប្រាវ អតីតប្តីក៏បាននាំអតីតប្រពន្ធចូលបន្ទប់ ដើម្បីនិយាយវែកញែករឿងដដែលខាងលើ។ ពេលនោះបងប្រុសបង្កើតជនរងគ្រោះដែលត្រូវជាអតីតបងថ្លៃ បានព្យាយាមចូលទៅក្នុងបន្ទប់ដែរ ក្នុងបំណងជួយផ្សះផ្សា តែត្រូវបុរសជាប្តីដេញចេញ និងបានដកកាំភ្លើងខ្លី ម៉ាក K59 ភ្ជង់ទៅលើបុរសជាបង និងគំរាមឲ្យចេញពីបន្ទប់ កុំអោយចេះដឹង រឿងប្តីប្រពន្ធរបស់ពួកគេ។ ភ្លាមនោះ បុរសជាបង ក៏បានដើរចេញទៅវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេ ចេញពីបន្ទប់។ ភ្លាមនោះជនសង្ស័យក៏បានបាញ់សម្លាប់អតីតប្រពន្ធ ចំសៀតថ្កា បណ្តាលអោយស្លាប់ នៅលើគ្រែតែម្តងទៅ។ ក្រោយធ្វើសកម្មភាពបុរសជាប្តីមិនបានរត់គេចទៅណាឡើយ ហើយសាច់ញាតិជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ឃាត់ខ្លួនតែម្តង។

ជុំវិញសពសមត្ថកិច្ចរកឃើញ គ្រាប់កាំទុះ ចំនួន ០៤គ្រាប់ ដោយក្នុងនោះ ផ្ទុះមួយគ្រាប់ អត់ផ្ទុះ ០៣គ្រាប់។ ទន្ទឹមនឹងនោះដែរ គេនៅមិនទាន់ដឹងថា គ្រាប់កាំទុះទាំង ០៤គ្រាប់នោះ ជនសង្ស័យបាញ់ទៅលើជនរងគ្រោះទាំង ០៤គ្រាប់ ឬក៏បាញ់ខ្លួនឯងខ្លះឡើយ។ ដោយឡែក ចំពោះកាំភ្លើង ដែលជនសង្ស័យ បាញ់សម្លាប់អតីតប្រពន្ធ ក៏មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ចថា បានមកពីណានោះដែរ។ យ៉ាងណា ពេលនេះ អតីតប្តី ក្លាយជាឃាតក ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ នាំទៅកាត់ទោស។ រីឯអតីតប្រពន្ធស្លាប់ ហើយកូនប្រុសអាយុជាង ១ខួប ត្រូវកំព្រា៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed