បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនប្រុសស្រីជាង២០០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន រួមទាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះឃាត់ខ្លួន និងធ្វើការអប់រំ បន្ទាប់ពីពួកគេនាំគ្នាប្រមូលផ្តុំគ្នានៅក្នុងកោះពេជ្រ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងប្រុសស្រីជាច្រើននាក់ សុទ្ធតែជាយុវវ័យ និងយុវនារីអាយុប្រមាណ១៧ឆ្នាំ ទៅ១៨ឆ្នាំ បាននាំគ្នាជិះម៉ូតូឡើងមកកោះពេជ្រ ព្រមទាំងនាំគ្នាប្រមូលផ្តុំយ៉ាងច្រើនកកកុញទៀតផង។ ដោយទិដ្ឋភាពបែបនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ឬអ្នករស់នៅតំបន់នោះ មានការភ័យខ្លាចពួកគេអាចបង្កបញ្ហាអសន្តិសុខ ឬអសណ្តាប់ធ្នាប់កើតឡើង។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង១២អធ្រាត្រ គេក៏ឃើញកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន រួមទាំងរដ្ឋបាលខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនក្រុមយុវជនទាំងអស់នោះផងដែរ។ បន្ទាប់មក សមត្ថកិច្ចបានអោយពួកគេឈរតម្រង់ជួរគ្នា រួចរាប់ចំនួនមនុស្សឃើញថា មានចំនួនសរុប២៤៥នាក់ ខណៈមនុស្សស្រីមានចំនួន៣៥នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿងផងដែរ។
ប្រភពដដែលបន្តទៀតថា ហើយយុវជនប្រុសស្រីទាំង២៤៥នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចដោះលែងត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីធ្វើការអប់រំណែនាំ និងអោយពួកគេចេញម្តង៥ម៉ូតូ ដោយមិនអោយមានការជួបជុំគ្នាច្រើននោះទេ។ ព្រោះវាអាចបង្កផលអាក្រក់ បើសិនជាពួកគេមានការទំនាស់ពាក្យសម្តីគ្នា នឹងអាចឈានដល់ការប្រើហិ.ង្សា ឬបញ្ហាអសន្តិសុខផ្សេងៗ ដែលអាចនឹងងាយកើតមានឡើងផងដែរ។
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការអប់រំនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យម៉ូតូរបស់ពួកគេ ឃើញថា មានម៉ូតូចំនួន១១គ្រឿងមិនត្រឹមត្រូវគ្រប់លក្ខណៈ ដោយក្នុងនោះមានចំនួន០៤គ្រឿងពុំមានស្លាកលេខ និង៧គ្រឿងមិនមានឯកសារគ្រប់គ្រាន់ ដូច្នេះត្រូវបានសមត្ថកិច្ចជំនាញធ្វើការដកហូត រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រយៈពេល១សប្តាហ៍ ទើបអនុញ្ញាត្តអោយពួកគេមកទទួលយកម៉ូតូវិញ ដោយត្រូវបំពេញឯកសារអោយ បានត្រឹមត្រូវ។
កម្លាំងអន្តរាគមន៍ពិសេស និងរដ្ឋបាលខណ្ឌចំការមន រួមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការទូន្មាន និងអប់រំក្រុមយុវជនប្រុសស្រីទាំងនោះ ដោយលើកឡើងពីបញ្ហាផ្សេងៗ ជាពិសេសថ្មីៗនេះ គេឃើញមានករណីហិ.ង្សារវាងក្មេងៗ២ក្រុម ដេ.ញកា.ប់គ្នា និងបណ្តាលឲ្យយុវជនម្នាក់បា.ត់ប.ង់ជីវិ.តថែមទៀតផង។ ដូច្នេះហើយ ទើបសមត្ថកិច្ចដាក់កម្លាំងចុះអនុវត្តន៍ការត្រួតពិនិត្យបែបនេះ ដោយមិនចង់អោយមានបញ្ហាបែបនេះកើតឡើងបន្តទៀតនោះទេ៕
ដកស្រង់ពី kohsatepheapdaily