ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ៣០ខែមករាឆ្នាំ ២០២៤អភិបាលខេត្តស្ទឹងត្រែង លោកស្វាយ សំអ៊ាង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយពិធីនេះ និង មានការអញ្ជើញចូលរួម គណៈអភិបាលក្រុង លោក លោកស្រីដែលជា ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
បើតាមការបញ្ជាក់ពី លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តស្ទឹងត្រែង បានឱ្យដឹងថា÷ បន្ទាប់ ពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារ វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានរយៈពេល ១៥ថ្ងៃ (គឺចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីអោយម្ចាស់ក្បាលដីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបាន ច្បាស់លាស់មុនឈានដល់ការស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់ក្បាលដីទាំងនោះ។
ក្នុងនោះលោកប្រធានមន្ទីរ បានបន្ថែម÷ សម្រាប់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្នុងថ្ងៃនេះ សរុបមានចំនួន ២២៧គ្រួសារ ដែលមានក្បាលដីសរុបចំនួន ៧៩០ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្មមានចំនួន ១៩០ក្បាលដី ដីលំនៅឋាន ៥២៧ក្បាលដី ដីរដ្ឋ ២ក្បាលដី ក្នុងនោះសាលារៀន ១ក្បាលដី និងវត្ត ១ក្បាលដី និងដីគ្មានទិន្នន័យចំនួន ៧១ក្បាលដីផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា÷ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិឃុំ និងសង្គមជាតិរបស់យើងតាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់បន្ថយជម្លោះដីធ្លី នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ដោយស្របច្បាប់មិនមានជនខិលខូចណាមករំលោភបំពានបានឡើយ។
ក្នុងស្មារតីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានលើកឡើងបន្តថា÷ បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយ ទាំងនេះគឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានបានកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។
លោក ស្វាយ សំអ៊ាង ក៏បានបញ្ជាក់ថា÷ ដើម្បីឲ្យការចុះវាស់វែងកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង នេះឲ្យបានលឿនគឺទាមទារឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការជាមួយនឹងមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបង្ហាញមន្ត្រីជំនាញដើម្បីឲ្យដំណើរការវាស់វែងនេះលឿន និងឆាប់ទទួលបានបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា ។
សូមបញ្ជាក់ផងដែរថា ÷ គិតតាំងពីចាប់ផ្តើមអនុវត្តកម្មវិធី រហូតដល់ចុងឆ្នាំ២០២៣កន្លងទៅនេះ អនុវិស័យរដ្ឋបាលដីធ្លីក្នុងខេត្ត ស្ទឹងត្រែង ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាអ្នកអនុវត្តផ្ទាល់ បាន ខិតខំបន្ត និងជំរុញការងារចុះបញ្ជីលក្ខណៈប្រព័ន្ធ ស្របតាមទិសដៅដែលក្រសួងបានដាក់ចេញ ក៏ដូចជាផែនការអភិវឌ្ឍន៍របស់ខេត្ត ក្នុងនោះលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាន រួមមាន÷
– ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៥៧ភូមិ ក្នុងចំណោមភូមិសរុបទាំង១៣៧ភូមិ
– វាស់វែង និងគូរក្បាលដី សរុបបានចំនួន ៥១.៣៩៩ក្បាលដី
– ប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យក្បាលដីទៅក្នុងប្រព័ន្ធDatabaseចំនួន ៥០.៥៩៣ក្បាលដី
– បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់សព្វគ្រប់ បានចំនួន៤៩ភូមិ ស្មើនឹងក្បាលដីសរុប ចំនួន ៥១.០០១ក្បាលដី
– បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៤៣ភូមិ ស្មើនឹង ៣៣.១៦២ក្បាលដី៕