ស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្ត ក្នុងខេត្តស្ទឹងត្រែង មានចំនួន ២៦១,៧៤៥ នាក់ ក្នុងនោះទេសចរបរទេសចំនួន ១០៦ នាក់។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នេះ បើប្រៀបធៀបកាលពី ២០២៤ កំណើនមានការកើនឡើងចំនួន ១៥២,១៥៣ នាក់ ស្មើនិង១៣៩%។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ស្ទឹងត្រែង សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ ដែលធ្វេីឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។
ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់៕