ពោធិ៍សាត់៖ ទំនងពួកគាត់ពុំដឹង ទើបជិះម៉ូតូឆ្លងកាត់ស្ពានមេទឹក ដែលបានបាក់ដាច់ ដោយសារយន្តហោះចម្បាំង F-16 របស់យោធាថៃទម្លាក់គ្រាប់ បណ្តាលឲ្យធ្លាក់បាត់បងជីវិតទាំងពីរនាក់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ប្រភពព័ត៌មានឱ្យដឹងថា បុរសទាំង២នាក់ខាងលើ ដំបូងឡើយបានធ្វើដំណើររួមគ្នា ដោយជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR ៨៩៤៥ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតធ្លាក់តែម្ដង។ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែមផងដែរ។


បើតាមសមត្ថកិច្ច ប្រជាពលរដ្ឋដែលស្លាប់មានឈ្មោះ ថា ចាន់ធូ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ឈូ ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ។ ពួកគាត់បានបាត់បង់ជីវិតមុនបញ្ជូនទៅដល់មន្ទីរពេទ្យមកម៉្លេះ។ សមត្ថកិច្ចសន្និដ្ឋានថា បណ្ដាលមកពីកត្តាល្បឿន ខ្វះការប្រុងប្រយ័ត្ន និងមិនបានដឹងថា ស្ពានត្រូវបានដាច់ដោយសារយោធាថៃឈ្លានពានទម្លាក់គ្រាប់ផ្តាច់ឡើយ។ ពេលនេះសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋស្នើអាជ្ញាធរក្នុងតំបន់ សូមដាក់ស្លាកសញ្ញា ហាមឃាត់ឆ្លងកាត់ កុំឲ្យមានអ្នកបាត់បង់ជីវិតបន្ថែមទៀត៕

