មណ្ឌលគិរី៖ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ខណៈដែលពេលនេះ ទីតាំងព្រលានដែលលាតសន្ធឹងលើផ្ទៃដីរាប់រាយហិកតា កំពុងត្រូវបានអភិរក្សទុកយ៉ាងល្អ និងបានធ្វើផ្លូវ ក្រវ៉ាត់ទីតាំងព្រលានរួចរាល់ ថែមទាំងបានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋស្ទើរ១០០%ហើយដែរ ។ នេះបើការឲ្យដឹងរបស់អភិបាលស្រុកអូររាំង លោក សៀក មុន្នី ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងទៀតថា ចំពោះការសាង់សង់ព្រលានយន្តហោះ ដែលស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ប្រហែលអាចចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ មិនយូរទៀតនោះទេ ហើយនេះប្រភេទព្រលានក្នុងតំបន់ ដែលមិនត្រឹមតែអំណោយផលដល់យន្តហោះក្នុងស្រុកចុះចតនោះទេ ជាមួយគ្នានេះយន្តហោះរបស់បណ្ដាប្រទេសមួយចំនួនក៏អាចមកចុះចតនៅទីនេះផងដែរ ។
លោកបន្តទៀតថា ផ្ទៃសាងសង់ព្រលានមានទំហំប្រហែលជិត៤០០ហិកតា ប៉ុន្តែទន្ទឹមនោះនៅមានតំបន់រណប ហេដ្ឋារចនាសម័ព្ធរបស់ព្រលានជាច្រើនទៀត ពិសេសគឺផ្ដោតទៅលើអេកូទេសចរណ៍ ក្នុងទំហំផ្ទៃដីជាច្រើនហិកតាបន្ថែមទៀត ។ ហើយទោះបីជាតំបន់នៃស្រុកអូររាំងជាតំបន់ភ្នំក៏ពិតមែន ប៉ុន្តែបើតាមអ្នកបច្ចេកទេសក្នុងសាងសង់បានវាយតម្លៃ ព្រលានយន្តហោះខេត្តមណ្ឌលគិរី មិនពិបាកក្នុងការសាងសង់ខ្លាំងនោះទេ
ចំណែកប្រភេទដីខ្ពង់រាបក្នុងតំបន់វាជាអំណោយផលទៅវិញ ព្រោះមិនចាំបាច់យកដីពីតំបន់មកចាក់បំពេញ ព្រោះដីមានស្រាប់ ។ លោក សៀក មុន្នី បញ្ជាក់ទៀតថា នៅពេលអនាគតក្រោយព្រលានយន្តហោះសាងសង់រួចរាល់ នឹងមានអ្នកវិនិយោគចូលមកកាន់ខេត្តមណ្ឌលគិរីកាន់តែច្រើនឡើង ។
លោកអភិបាលស្រុកអូររាំងបានបញ្ជាក់ទៀតថា គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតក្នុងតំបន់នៃស្រុកអូររាំង គឺជាតម្រូវការចាំបាច់ ដូចនេះរដ្ឋបាលស្រុកអូររាំង បានស្នើរសុំទៅរដ្ឋបាលថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយក៏មានការឯកភាពពីរាជរដ្ឋាភិបាល ។ លោកបន្ថែមថា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងក្លាយទៅជាចរន្តសេដ្ឋកិច្ចយ៉ាងល្អ ថែមទាំងអាចប្រែក្លាយស្រុកអូររាំង ជាពិសេសគឺខេត្តមណ្ឌលគិរីទាំងមូល ដែលជាតំបន់អេកូទេសចរណ៍ស្រាប់ផងនោះ ឲ្យទៅជាតំបន់ដ៏មានសក្តានុពលថែមទៀត ៕