ក្រចេះ៖ កងកម្លាំងរាជអាវុធហត្ថចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មកែឆ្នៃឈើទ្រង់ទ្រាយធំមួយកន្លែងគ្មានច្បាប់អនុញ្ញាតស្ថិតនៅភូមិរលួសឃុំរលួសសែនជ័យស្រុកសំបូរខេត្តក្រចេះកាលថ្ងៃទី ២៦ខែកក្កដា២០២២ ដោយរឹបអូសបានឈើ និងឧបករណ៍កែឆ្នៃឈើមួយចំនួនធំ។
សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៨កក្កដាថា ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយសហការគ្នារវាងកម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ និងកម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកសំបូរ-ស្រុកចិត្របូរី និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាម្ចាស់ទីតាំងបើកសិប្បកម្មឈ្មោះ ឆេង តាំងហេង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅរស់នៅ ភូមិឃុំខាងលើ។ នៅពេលចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងដូចជាតាបឈូសចំនួន ១គ្រឿង, ម៉ាស៊ីនម៉ាសូត ២៥សេសចំនួន ១គ្រឿង, ម៉ូទ័រឈូសចំនួន ២គ្រឿង, ផ្លែរណាថាសវៀសឈើចំនួន២ និងឈើអារប្រភេទលេខ១ ចំនួន ២៣២ដុំ (មិនទាន់វាស់វែង)។ វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យដើម្បីបន្តតាមនីតិវិធី៕