អ្នកនាង ធី សុវណ្ណថា ដែលជាអតីតយុវតីឈានមុខគេកាលពីអំឡុងការបោះឆ្នោតឆ្នាំ២០១៣ដែលធ្លាប់បានជួយឃោសនា ឲ្យអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា តែក្រោយមកបានមករួមរស់នឹងគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ នេះបើតាមប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលចេញតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។
ជាមួយគ្នានោះ ក្រោយពីត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះអ្នកនាង ធី សុវណ្ណថា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា នាងមានវ័យ២៨ឆ្នាំ និងមានកម្រិតវប្បធម៌បច្ចុប្បន្នគឺ «បរិញ្ញាបត្រជាន់ខ្ពស់» ពិសេស គឹនាងមានបទពិសោធន៍១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។
អ្នកនាង ធី សុវណ្ណថា បានសម្តែងនូវការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាស តែងតាំងមុខដំណែងដ៏សំខាន់ «អភិបាលរងក្រុងអរិយក្សត្រ» ដល់រូបនាង។ «នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន »។ នេះជាការអះអាង របស់ អ្នកនាង ធី សុវណ្ណថា។
សូមជម្រាបថា កាលពីថ្ងៃទី១៧.០៤.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ដោយសម្រេចតែងតាំង អភិបាលរងក្រុងអរិយក្សត្រ ចំនួន៦រូប៖
ទី១៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម។
២៖ លោក ផុន គឹមឡុង។
៣៖ លោក ស៉ឹង សុផាន់ណា។
៤៖ លោក ជា ហ៊ោ ។
៥៖ លោក ចាន់ គឿយ។
និងទី៦៖ លោកស្រី ធី សុវណ្ណថា ។
ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយរបស់ខេត្តកណ្តាលដែលរាជរដ្ឋាភិបាលបង្កើតឡើងតាមអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ។ ក្រុងអរិយក្សត្រដែលបង្កើតថ្មីមានសង្កាត់ចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ។
សង្កាត់ទាំង១១នៃក្រុងអរិយក្សត្ររួមមាន ៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង ។ ហើយទីតាំងក្រុងអរិយក្សត្រ ស្ថិតក្នុងសង្កាត់អរិយក្សត្រដែលមានលោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្ដាលជាអភិបាលក្រុង៕