KK|ស្ទឹងត្រែង៖ ផ្អើលអស់អ្នកដំណើរចោមរោមមើលករណីបុរសម្នាក់បានសម្រេចចិត្តលោតពីលើស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គចូលទៅក្នុងទឹកទន្លេបាត់ស្រមោលសូន្យឈឹង ដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមានជំងឺប្រចាំកាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើស្គានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសគិតខ្លីដែលបញ្ចាប់ជីវិតដោយលោតទឹកពីលើស្ពានខាងលើនេះ មានឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាមសម្តីស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុននឹងប្តីរបស់ខ្លួនបានលោតពីលើស្ពាន ពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាននាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកន្លែង។ កំលុងពិនិត្យពេទ្យបានប្រាប់ថា ប្ដីរបស់គាត់មានជំងឺគ្រោះក្នុងតម្រងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល៨០ម៉ឺនរៀល។
ស្ត្រីជាប្រពន្ធបានបន្តថា ក្រោយពីចេញពីមន្ទីរពេទ្យវិញ ក៏នាំគ្នាជិះម៉ូតូមកឈប់លេងនៅលើស្ពានមេគង្គ។ ខណៈពេលកំពុងឈរក៏ស្រាប់តែប្ដីរបស់នាង បានលោតពីលើបង្កាន់ដៃស្ពាន ចូលទៅក្នុងទឹកទន្លេមេគង្គតែម្តង។ ភ្លាមនោះប្រជាការពារនៅសង្កាត់ព្រះបាទបានចេញទូកទៅស្វែងរកដែរ ប៉ុន្តែរកពុំឃើញ ដោយបុរសនោះលិចបាត់ទៅក្នុងទឹកទន្លេសូន្យឈឹង។
សូមបញ្ជាក់ថា វាសនាបុរសដែលបានលោតទឹកសម្លាប់ខ្លួននោះពុំដឹងក្លាយជាបែបណានៅឡើយ ព្រោះក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងសមត្ថកិច្ចនៅមិនទាន់រកឃើញនៅឡើយទេ មកទល់នឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ ៕ អត្ថបទ+រូបថត៖ តាកោះខ្មែរ