(ស្ទឹងត្រែង) ៖ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង ដោយលោកស្រី ញ៉ែម សុម៉ាលី ចូលកាន់មុខតំណែងជាប្រធាន មន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក នូ សុវណ្ណតារ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តពីមុនបានទទួលមរណៈភាព។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រតិភូអមដំណើរ នៃក្រសួងរ៉ែ និងថាមពល អភិបាលរងខេត្ត ប្រធានមន្ទីររ៉ែ និងថាមពលមកពីខេត្តក្រចេះ រតនៈគិរី និងមណ្ឌលគិរី និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនេះ លោក ស្វាយ សំអ៊ាង បានលើកឡើងថាការតែងតាំងមន្ត្រីឲ្យកាន់មុខតំណែង គឺជាដំណើការជាធម្មតាក្នុងគោលការណ៍គ្រប់គ្រងមុខងារសាធារណៈ កិច្ចការរដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្សរបស់មន្ទីរ អង្គភាពមួយ ដែលត្រូវតែងតាំងមន្ត្រីបន្តវេនទៅក្នុងមុខ តំណែងដែលនៅទំនេរ ដើម្បីធានានូវនិរន្តរភាពការងារ ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
លោក អភិបាលខេត្តស្ទឹងត្រែងបានវាយតម្លៃខ្ពស់ចំពោះលោកស្រី ញ៉ែម សុម៉ាលី ដែលបានបម្រើការងារនៅក្នុងមន្ទីររ៉ែ និង ថាមពលខេត្តស្ទឹងត្រែង អស់ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតមន្ទីរដំបូងដែលមានចំនួនមន្ត្រី តិចតួច និងជួបការលំបាកជាច្រើន ដោយលោកស្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង ការទទួលខុសត្រូវលើការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយសីលធម៌ល្អ ទទួលបាននូវការគោរព ស្រលាញ់ រាប់អានពីលោកប្រធាន មន្ទីរចាស់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងអង្គភាព ដែលធ្វើឲ្យសាមគ្គីភាព និងឯកភាព ផ្ទៃក្នុងក្នុងមន្ទីរទាំងមូលមានភាពល្អប្រសើរ។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថាការតែតាំងឬចូលកាន់មុខតំណែងរបស់ប្រធានមន្ទីរ រ៉ែនិង ថាមពលថ្មីរបស់ខេត្តស្ទឹងត្រែងនាពេលនេះមិនមែនធ្វើឡើងដោយតាមរយៈខ្សែស្រឡាយឬបក្សនិយមនោះឡើយ។ការតែងតាំងប្រធានមន្ទីរថ្មីធ្វើឡើងដោយមានការវាយ តម្លៃសមត្ថភាពការងារពីថ្នាក់ ដឹកនាំខេត្តនិងក្រសួងរ៉ែនិងថាមពលជាមុន។
ឯកឧត្តម ស៊ុយ សែមបន្តថាតាមរយៈការតែងតាំស្ត្រីជាប្រធានមន្ទីរនេះ សរបញ្ជាក់ឱ្យឃើញនូវការលើក ទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមក្នុងតួនាទីជាអ្នកដឹកនាំ និង ការសម្រេចចិត្ត ស្របតាមមុំទី៤ នៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ជាពិសេស ការពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការ អភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសង្ឃឹមយ៉ាងមុតមាំថាលោកស្រីប្រធានមន្ទីររ៉ែ និង ថាមពលខេត្តស្ទឹងត្រែង ដែលទើបទទួលបានការតែងតាំងថ្មី នឹងខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទីភារកិច្ច របស់ខ្លួនឲ្យទទួលបានជោគជ័យ ដើម្បីចូលរួមធ្វើឲ្យសម្រេចនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ របស់រដ្ឋសភា ព្រមទាំងចក្ខុវិស័យ និងគោលដៅនៃការអភិវឌ្ឍវិស័យរ៉ និងថាមពលរបស់ក្រសួងរ៉ែ និងថាមពល និងគោលដៅអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ជាក់ជាពុំខាន។
គួបញ្ជាក់ថាលោកស្រី ញ៉ែម សុម៉ាលី វរមន្ត្រី ថ្នាក់លេខ៣ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី តាមការប្រកាសលេខ០០៧៦ រថ.បល.ប្រក របស់ក្រសួងរ៉ែ និងថាមពល ៕