ស្ទឹងត្រែង​៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបើកប្រតិបត្តិការក្តៅចុះបង្ក្រាបនិងចាប់ខ្លួនក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុកក្នុងក្រុងស្ទឹងត្រែង ដោយខ្លះជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែឆ្នៃបំពងសំឡេង ខ្លះទៀតដេយវាយកាប់ចាក់គ្នាតាមទីសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២១និងយប់ថ្ងៃទី២២ខែកុម្ភៈ២០២២ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីច្បាប់ ដោយលោកជា សុភក្រ័ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្ទឹងត្រែង។

បើតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តដែលចុះអនុវត្តច្បាប់ បានឲ្យដឹងថា ក្នុងរយៈពេល២យប់ ២ថ្ងៃ កម្លាំងចាប់បានក្រុមក្មេងទំនើងចំនួន២៥នាក់។ ក្នុងនោះមានក្រុមទំនើងជិះម៉ូតូដាក់ស៊ីម៉ាំបំពងសំឡេងលាន់ខ្លាំងត្រូវបានកសាងសំណុំរឿងបញ្ជូនឲ្យគណៈបញ្ជាការឯកភាពក្រុង ធ្វើកិច្ចសន្យាឲ្យឳពុកម្ដាយ យកទៅអប់រំ ណែនាំ ទៅលំនៅឋាន ។ ចំពោះក្រុមក្មេងទំនើងចំនួន១៧នាក់ទៀតពាក់ព័ន្ធករណីប្រើអំពើហឹង្សាមានស្ថានទំងន់ទោស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនិតិវិធីច្បាប់នៅរសៀលថ្ងៃទី២៣ខែកុម្ភៈ២០២២នេះ។

ជុំវិញករណីកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋអ្នកលក់ដូរតាមសួនច្បារតាមជួរមាត់ទន្លេ មានការសាទរនិងថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានចុះអនុវត្តច្បាប់បង្ក្រាបទៅលើក្រុមក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងជិះម៉ូតូដេញកាប់ចាក់គ្នាផ្អើរពេញក្រុងពេញខេត្ត រំខានដល់ការរស់នៅជារៀងរាល់យប់រាល់ថ្ងៃ។ ពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ចទាំងអស់ជួយបន្តទប់ស្កាត់ ក្រុមក្មេងទំនើងក្នុងក្រុងស្ទឹងត្រែងឲ្យអស់ ដើម្បីស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថភាព៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed