សៀមរាប៖ ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។

អង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈដោយអធិរាជាណាចក្រខ្មែរ  ឧទ្ទិសដល់ព្រះវិស្ណុ។

តាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរី ជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង ១០លានតោននៅក្នុងទំហំ ខ្នាត និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនាដ៏ធំបំផុតជាស្ថាបត្យកម្មកំពូលក្នុងលោក។

រៀងរាល់ខែកញ្ញាចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា និងក្នុងខែមិនា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេលយប់និងថ្ងៃស្មើគ្នា ឬហៅថា(សមរាត្រី) គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ(Draco) កញ្ជុំសកលដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរវង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ ។ អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី៧ នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសា របស់ម៉ិចស៊ិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។

ជាងនេះទៀត ប្រាង្គអង្គរ មានលក្ខណៈពិសេសគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល និងជាប្រាសាទសង់អំពីថ្មដែលនៅគង់វង្សល្អបំផុតរហូតរាប់រយឆ្នាំ គឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតមកដល់ពុទ្ធនិយម។ ប្រាសាទអង្គរ ស្ថិតក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូបជារបស់កម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិ និងដួងព្រលឹងពលរដ្ឋខ្មែរគ្រប់ៗរូប៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed