ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុង​អង្គ​ប្រជុំ​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈ​ដែល​កំណើន​ប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះ ទាមទារឱ្យមានការវិវត្តន៍ ដើម្បី​ឆ្លើយ​តប​នឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។ ដោយឡែក កម្ពុជា​បាន​ឈាន​ដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រម​ទាំង​មាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការស្រាវជ្រាវលើគ្រប់អនុវិស័យទាំងអស់ ត្រូវមានគោលការណ៍​ជាក់​លាក់​ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះហើយ ការ​វិនិយោគ​លើ​ការស្រាវជ្រាវទាមទារឱ្យអ្នកអនុវត្តប្រើប្រាស់ថវិកាឱ្យចំគោលដៅ ផ្ដល់ផលវិជ្ជមាន ចំណាយ​តិច មិនបន្ថែមបន្ទុកដល់កសិករ ផ្ដោតជាចម្បងលើនិរន្តរភាពសេដ្ឋកិច្ច ស្របតាម​គោល​នយោបាយ​អាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលកំពុង​បន្តចូលរួមគាំទ្រការងារគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រ ដែលជាដំណើរការដ៏ត្រឹមត្រូវ ដើម្បីជួយដល់កសិករមាននិរន្តរភាពសេដ្ឋកិច្ច ហើយអាចជួយដល់បរិស្ថាន និងធនធាន​ធម្មជាតិ​ផង៕

ដកស្រង់ពីkohsantepheapdaily

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed