ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់ អង្គភាពពាក់ព័ន្ធ មាន រយៈពេល២ថ្ងៃ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្ត តំណាងកលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត លោក ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ និងមន្ត្រីឧទ្យានុរក្សជាច្រើនរូប។
លោក ចៅ មុន្នីរ៉ា ឡើងមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការ បញ្ជ្រាបការយល់ដឹង ដល់ភាគីពាក់ព័ន្ធ ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការ គ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ ។
មានប្រសាសន៍ក្នុងសិក្ខាសាលា ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានបញ្ចាក់ថា÷ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឱ្យមានសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹង វិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ។
ដោយក្នុងនោះ ឯកឧត្តម ផៃ ប៊ុនឈឿន បានបន្តថា÷ គោលបំណងក្នុងកិច្ចប្រជុំ គឺដើម្បីអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងកូនចៅជំនាន់ក្រោយ។ដោយមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹង វិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការ ការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តស្ទឹងត្រែង គឺជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕