ក្រចេះ÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ លើគម្រោងថែទាំជាលក្ខណះខួប លើផ្លូវក្រាលល្បាយគ្រួសអាចម៍ផ្កាយចំនួន១ខ្សែ ប្រវែងសរុប ១១.៨០០មែត្រ ទទឹង៥មែត្រ និងកម្រាស់ ០.១៥ មែត្រ និងសាងសង់លូមូល ចំនួន៧កន្លែងស្ថិតក្នុងឃុំកំពង់ចាម ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងដំណើរចុះត្រួតពិនិត្យ ក៏មានអញ្ជើញ អមដំណើរដោយ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងមន្ត្រីពាក់ព័ន្ធផងដែល ។
ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍ បានលើកឡើងថា៖ ការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវនេះ ការស្តារនិងកែលម្អផ្លូវលំ តាមភូមិ ឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាង ភូមិ នឹងឃុំ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូន ដំណាំកសិផលកសិកម្មរបស់ពួកគាត់ ទៅកាន់ទីផ្សារ ដែលបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរ នៅពេលដែលពួកគាត់ មានជំងឺងាយស្រួលដឹកទៅមណ្ឌលសុខភាពព្យាបាលជំងឺ ជាពិសេសទៀតនោះ ងាយស្រួលដល់ប្អូនៗ សិស្សានុសិស្សក្នុងការធ្វើដំណើរ ទៅសិក្សានៅឯសាលារៀន និងជួយសម្រួលដល់ប្រជាពលរដ្ឋ ទៅរកសេវារដ្ឋបាលសាធារណៈ ដែលជាសេវាតម្រូវការមូលដ្ឋានជាដើម ។
ឯកឧត្តម ផូ ផារិទ្ធ បានបញ្ជាក់បន្ថែមថា៖ ចំពោះការអភិវឌ្ឍន៍នានា ដែលមានឡើងមកសព្វថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្ដិភាពពេញពេល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។
ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ÷ ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ដែលមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព អំពាវនាវអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនត្រូវចូលរួមឲ្យបានសកម្ម ក្នុងការថែរក្សាផ្លូវរបស់យើង ពិសេសចូលរួម ក្នុងការទប់ស្កាត់ឲ្យបាន នូវការផ្ទុកលើសទម្ងន់កំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង ។
សូមបញ្ជាក់ផងដែរថា៖ ក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗ រួចមកជាលទ្ធផល គណៈកម្មការអន្តរក្រសួង បានប្រជុំសម្រេច ហើយជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានទទួលយក១០០% ៕