(ខេត្តព្រៃវែង)៖ ជនមិនស្គាល់មុខមួយក្រុមបានធ្វើសកម្មភាពឆក់ការបូបពីប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តែត្រូវបានសមត្ថកិច្ចនគរបាលក្របួចបានជនសង្ស័យម្នាក់ ខណៈបក្សផ្សេងទៀតគេចខ្លួនបានសម្រេច។ ករណីនេះបានកើតឡើងនៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨។
បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១និង៥០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ខណៈខ្លួនកំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏លេចវត្តមានមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួនប្រហែល៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីរូបខ្លួន នៅត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ៨ ។
បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា សម្ភារៈដែលបាត់បង់រួមមាន៖ ១- ប្រាក់៧០ម៉ឺនរៀល, ២- ប្រាក់ដុល្លារ៦០ដុល្លារអាមេរិក, ៣- ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក OPPO ១គ្រឿង និងម៉ាក ណូគា ១ គ្រឿង) ។
យ៉ាងណាមិញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំង ខេត្តព្រៃវែង ចាប់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរតាមផ្លូវសាធារណៈ ។ ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឃុត នីរ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ជាមួយគ្នានេះសមត្ថកិច្ចរឹបអូសបានម៉ូតូ១គ្រឿងជាមធ្យោបានធ្វើសកម្មភាព។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបន្តស្រាវជ្រាវតាមចាប់បក្សពួក និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅតុលាការតាមនីតិវិធី ៕