ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំការងារគ្រប់គ្រងទិន្នន័យមន្ត្រីគណបក្ស និងការងារធ្វើបញ្ជី សមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា ក្នុងគោលបំណងរៀបចំធ្វើបញ្ជីរាយនាមមុខសញ្ញាកសាងបក្ស សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំជាគោលការណ៍បន្ថែមលើការត្រៀមលក្ខណៈសម្បត្តិរបស់គណបក្សក្នុងការពង្រីកកម្លាំងឱ្យ បានពីចម្ងាយ និងជាការគិតគូរយ៉ាងហ្មត់ចត់ច្បាស់លាស់របស់គណបក្សជុំវិញការវិវត្តថ្មីនៃ កម្លាំងយុវជន។

ក្នុងកិច្ចប្រជុំ នេះដែរ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ហាក់ វិមាន ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងមានចូលរួម លោកជំទាវ លោក លោកស្រី ដែលជា សមាជិក សមាជិកា គណះកម្មាធិការគណបក្ស ខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្ស ក្រុង-ស្រុក ឃុំ-សង្កាត់ និង គណៈកម្មការគ្រប់គ្រង សមាជិកបក្ស ជាច្រើនរូប ។

មានប្រសាសន៍បើកក្នុងកិច្ចប្រជុំ លោក ហាក់ វិមាស បានថ្លែងថា កិច្ចប្រជុំនេះ ពិតជាមានសារះសំខាន់ណាស់ សម្រាប់ការពង្រឹងក្រុមបក្សដើម្បីធ្វើផែនការឱ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋដែលបានចំណាកស្រុក អ្នកផ្លាស់ចេញ និងប្រែធាតុនៅក្នុងមូលដ្ឋាន។ បន្ថែមពីនេះ ធ្វើការងារបច្ចុប្បន្នភាពជាក់ស្តែង ដើម្បីស្រង់ទិន្នន័យទៅតាមដំណាក់កាល នៅតាមក្រុមនីមួយៗពីការចូលមកជាសមាជិកគណបក្ស និងការកសាងសមាជិកគណបក្សថ្មី កសាងកម្លាំងបន្ថែម ចំពោះសមាជិកសមាជិកាថ្មី ត្រូវផ្ដល់ឱកាសឱ្យពួកគាត់ជួបថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ដើម្បីឱ្យស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួន។

លោក ហាក់ វិមាន ប្រធានគណៈចាត់តាំងគណបក្សខេត្ត ក៏បានសំណូមពរដល់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ផលិតប័ណ្ណសម្គាល់សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស និងសៀវភៅក្រុមបក្ស តាមបណ្ដាសាខាគណបក្សនៅមូលដ្ឋានឱ្យមានភាពច្បាស់លាស់ឡើងវិញ ។

លោក ហាក់ វិមាន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថា គណបក្សប្រជាជន និងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed