អ្នកបើកបរអាប៊ុលឈូសដីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីអាប៊ុលស្ទះប្រេង ហើយព្យាយាមជួសជុលដោយខ្លួនឯង ត្រូវអាប៊ុលជាប់លេខស្ទុះមកកិនពីលើ។ ហេតុការណ៍នេះកើតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនចំការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លន់ សុខលី
ហៅតាហ្គេនសបឺក ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ។ មូលហេតុ
រឿងហេតុកើតឡើង ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី ជនរងគ្រោះឈ្មោះ លន់ សុខលី បានបើកអាបុលឈូសដីព្រំចំការកៅស៊ូ នៅពេលឈូសបាន
ប្រហែល១០០ម៉ែត្រ អាបុលក៏រលត់ម៉ាសុីន ពេលនោះឈ្មោះ លន់ សុខលី ក៏បានចុះពីអាប៊ុល រួចឡើងទៅលើកង់អាប៊ុលដើម្បីសប់ប្រេងដែលស្ទះ ពេលកំពុងសប់ប្រេងឈ្មោះ លន់ សុខលី ក៏បានស្រែកហៅឈ្មោះ យ៉ែម ដេត ភេទប្រុស អាយុ៣០ឆ្នាំ អោយមកជួយកាច់សោរបញ្ឆេះអាប៊ុល តែឈ្មោះ យ៉េម ដេត បានតបវិញថា
ខ្លួនមិនចេះកាច់សោរអាប៊ុលទេ ពេលនោះជនរងគ្រោះក៏បានប្រាប់ឈ្មោះ យ៉ែម ដេត ថា គ្រាន់តែកាច់សោរទៅស្ដាំទៅ បន្ទាប់មកឈ្មោះ យ៉ែម ដេត ក៏បានឡើងទៅបញ្ឆេះអាប៊ុល ស្រាប់តែអាប៊ុលទៅមុខតែម្ដង ដោយទៅមុខមួយជុំកង់ កិនជនរងគ្រោះឈ្មោះ លន់ សុខលី ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
ប្រភពបន្តថា ករណីនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក កាន់ ពេញ អធិការក្រុង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុខដុម និងកម្លាំងប្រជាការពារភូមិ បានចុះពិនិត្យ ដល់កន្លែងកើតហេតុ និងកំពុងស្រាវជ្រាវបន្តតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះយើងបានប្រគល់ជូនក្រុមគ្រួសារដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕