ភ្នំពេញ៖ បុរសម្នាក់បានបើកបរម៉ូតូ ជ្រុលទៅបុកថយន្តសណ្តោងទូកុងតឺន័រពីក្រោយពេញទំហឹង ខណៈរថយន្តកំពុងឈប់រងចាំភ្លើងស្តុប បណ្តាលឲ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗកាលពីម៉ោង៩យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចំណុចស្តុបគងណយ ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់គងណយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។


ប្រភពនៅកន្លែងកើតហេតុនិយាយថា ដំបូងគេឃើញរថយន្តសណ្តោងទូកុងតឺន័រក្បាលពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-7753 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីកើតលិច ក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុរថយន្តក៏បានបង្អង់ល្បឿនឈប់រងចាំស្តុប ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-3167 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរមកពីក្រោយស្របគ្នាតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ពីកើតទៅលិចក្នុងល្បឿនលឿនមិនបង្អង់ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯរថយន្តបានបន្តល្បឿនបើករត់រហូតមកដល់ចំណុចស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចធ្វើការឃាត់បានតែរថយន្ត ចំណែកតៃតុងរត់គេចខ្លួនបាត់ស្រមោល។


សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់គងណយសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការត្រួតពិនិត្យ និងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ មានឈ្មោះ សួសពៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
