កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកពារាំង ពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការបង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ជនសង្ស័យ ៤នាក់ ខាងលើ ទី១ ឈ្មោះ ផៃ ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ, ទី២ ឈ្មោះ អ៊ិវ ប៉ូលីន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣ ឈ្មោះ ជ្រោយ វិចិត្រ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ និងទី៤ មានឈ្មោះ ផល ចំរើន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង ៤នាក់ រស់នៅភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ដោយឡែក វត្ថុតាង និងសម្ភារៈចាប់យករួមមាន គ្រឿងញៀន ចំនួន ៧កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, សម្ភារៈវេចខ្ចប់ និងសម្ភារៈជក់មួយចំនួនទៀត ។
គួរបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំងសំបុកខាងលើ នគរបាលជំនាញយើង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផៃ ដារ៉ូ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង (រក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ។ ក្រោយធ្វើការឃាត់ខ្លួន នគរបាលយើង បានដកហូតថ្នាំញៀន បាន ១កញ្ចប់ និងធ្វើការសួរនាំបឋម ស្រាវជ្រាវបន្តរហូតធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួក មានឈ្មោះ អ៊ិវ ប៉ូលីន នៅចំណុចផ្ទះរបស់ឈ្មោះ ជ្រោយ វិចិត្រ និងឈ្មោះ ផល ចំរើន ស្ថិតក្នុងភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលយើង ក៏បានសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីធ្វើការឆែកឆេរទីតាំងផ្ទះរបស់ជនសង្ស័យ ។ ក្រោយមកទៀត កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលក្រុងអរិយក្សត្រ ធ្វើការឆែកឆេររកឃើញថ្នាំញៀន ៦កញ្ចប់ និងវត្ថុតាងសម្ភារៈជាច្រើនទៀត បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីបំពេញនីតិវិធី ៕