កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅចំណុច ផ្សារផាកណាម ភូមិ កោះពាក្យ ឃុំ កោះពាក្យ ស្រុក វើនសៃ ខេត្តរតនគិរី នៅវេលាម៉ោង ១៥ និង២០ នាទី ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយ ឯកឧត្ដម ងិន ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងនោះជនសង្ស័យមានឈ្មោះ៖ ១-ឈ្មោះ ឈុន ទិត្យបូរ៉ា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ យោធា អង្គភាព កងពលលេខ៤០ វរសេនាតូច៣១៤ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ថ្នល់កែង ឃុំ អន្លង់វែង ស្រុក អន្លុងវែង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណី ជួញដូរអាវុធខុសច្បាប់នៅខេត្តព្រះសីហនុ ហើយមកលាក់ខ្លួនពួនអាត្មា នៅស្រុកវើនសៃខេត្តរតនគិរី។
នៅវេលាម៉ោង ១៧ និង ៣០ នាទី កំលាំងជំនាញបានបន្តនិតិវិធី ដោយដកហូតរថយន្តមួយគ្រឿងម៉ាក TUNDRA ស្លាកលេខ ភ្នំពេញ 2BH- 8380 នៅភូមិ ៤ សង្កាត់ កាចាញ ក្រុង បានលុង ខេត្ត រតនគិរី។ ទាំងជនសង្ស័យនិងរថយន្តត្រូវបានប្រគល់ទៅអោយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុចាត់ការបន្តនិតិវិធី៕