ភ្នំពេញ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងកែច្នៃឈើមួយកន្លែង បានកើតឡើងនៅវេលាម៉ោង២៖០០នាទីយប់រំលងអាធ្រាត នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រើប្រាស់ទឹកអស់១៨ឡានទើបគ្រប់គ្រងស្ថានការណ៍បាន។
សមត្ថកិច្ចដែលចុះប្រតិបត្តិការបានឲ្យដឹងថា កម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មើនឹង៧២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គិភ័យ និងមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ។
សូមបញ្ចាក់ថា ឃ្លាំងកែច្នៃឈើខាងលើនេះជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (២០ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង៤៖០៥នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែរ៕