ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការបឋមឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលមួយដោយប្រជាអ្នកនេសាទពីរនាក់ប្តីប្រពន្ធ បានប្រទះឃើញសាកស.ពមនុស្សម្នាក់ច្រកក្នុងវ៉ាលី នៅចំណុចមាត់ច្រាំងទន្លេភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយសាកស.ពនោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែជាបុរស ហើយសង្ស័យជាជនជាតិចិន ។
សេចក្តីរាយការឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ ប៊ន ចន្ទ័ណាវី ភេទស្រី អាយុ៣៣ ឆ្នាំ និងប្តីឈ្មោះ ចាន់ មករា ហៅ ឌាំង មុខរបរនេសាទត្រី រស់នៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨យប់ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បាននាំគ្នាចែវទូក ដើម្បីទៅបណ្តែតមងនៅតាមដងទន្លេ លុះទៅដល់ចំណុចខាងជើងផ្ទះក៏ចាប់ផ្តើមរាយមង និងរាយបណ្តែតរហូតចម្ងាយប្រហែលជិត១គីឡូម៉ែត្រ ក៏បានប្រទះឃើញវ៉ាលីពណ៌ខ្មៅមួយនៅលើគោកជាប់មាត់ច្រាំងទន្លេ ។ ឃើញដូច្នោះពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានចែវទូកចូលទៅមើល ពេលនោះស្ត្រីជាប្រពន្ធ បានយកដៃទៅរ៉ូតវ៉ាលីបង្ហើបមើលបន្តិច ក៏បានឃើញវត្ថុក្នុងវ៉ាលីនោះ ដូចជាស្បែកកង្កែប និងពោះវៀនមាន់ ។ បន្ទាប់មកពួកគាត់ទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាចែវទូកត្រឡប់មកផ្ទះវិញ ។
ប្តីប្រពន្ធខាងលើបានរៀបរាប់បន្តថា លុះដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក គាត់ (ប៊ន ចន្ទ័ណាវី) និងប្អូនថ្លៃឈ្មោះ ចាន់ លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ មិនអស់ចិត្តក៏បាននាំគ្នាដើរពីផ្ទះទៅមើលវ៉ាលី ដែលបានឃើញពីថ្ងៃមុននោះម្តងទៀត ។ លុះពេលទៅដល់ គាត់និងប្អូនថ្លៃស្រី ក៏បាននាំគ្នាចុះទៅមើល និងរ៉ូតវ៉ាលីនោះ ស្រាប់តែឃើញសាកស.ពមនុស្សនៅក្នុងវ៉ាលី ក៏ភ័.យស្លន់ស្លោ ហើយក៏បានក្រឡេកមើលឃើញវ៉ាលីតូចមួយទៀតនៅក្នុងព្រៃ ក៏ទៅរ៉ូតមើលវ៉ាលីនោះទៀត ឃើញមានសំលៀកបំពាក់នៅក្នុងវ៉ាលី និងក្រដាសជូតមាត់ប្រឡាក់ឈា.ម ។ បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ ទើបគាត់សម្រេចចិត្តរាយការណ៍ប្រាប់កម្លាំងប្រជាការពារភូមិឲ្យបានដឹង ដើម្បីទៅរាយការណ៍ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានជ្រាបជាព័ត៌មាន និងចុះមកពិនិត្យ ។
ក្រោយពីមានការភ្ញាក់ផ្អើលប្រទះឃើញសាកស.ពបុរសម្នាក់ច្រកក្នុងវ៉ាលីនោះ ទើបកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសខេត្ត ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកស.ពជនរងគ្រោះ ៕
ប្រភព: កោះសន្តិភាព