ភ្នំពេញ៖ កម្ពុជាបង្រ្កាបជនល្មើសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សបានរហូតដល់ជាង២៤,០០០នាក់។ នេះបើតាមការបញ្ចាក់របស់លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ និងបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅស្តីទីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែឧសភា។

លោក សុខ ផល បានបញ្ជាក់បន្ថែមថា ទីតាំងធំៗដែលក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស មានចំនួន៤៧ទីតាំង ហើយជនល្មើសទាំងនោះ មាន៤៥សញ្ជាតិផ្សេងៗគ្នា។ ក្នុងចំណោមជនល្មើសជាង២៤,០០០នាក់ ដែលត្រូវបានបង្ក្រាបដោយគិតពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី១៥ ខែឧសភា នេះ មាន ២៣,៩៩០នាក់ ត្រូវបាននាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជាអស់ហើយ។

ប្រធានគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរូបនេះ បានឲ្យដឹងថា សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះជូនទៅតុលាការ ចំនួន៣៨ករណី ដែលមានមនុស្ស២១៨នាក់ (១១សញ្ជាតិ) ក្នុងនោះ មានជនបរទេស១៩៣នាក់ និងជនជាតិខ្មែរ ២៥នាក់។ ទីតាំងបទល្មើសអំពើឆបោកតាមអនឡាញដែលក្រសួងមហាផ្ទៃបង្រា្កបនេះ គឺមានចំនួន១១រាជធានី-ខេត្ត ដែលមានភាគច្រើនស្ថិតនៅខេត្តព្រះសីហនុ ខណៈឧក្រិដ្ឋជន គឺជាជនជាតិចិន វៀតណាម ឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន ភូមា បង់ក្លាដេស និងជនជាតិបរទេសមួយចំនួនស្ថិតនៅតំបន់អាស៊ីកណ្តាល។

ក្រៅពីបង្រ្កាបបាននូវទីតាំង និងឧក្រិដ្ឋជនទាំងនោះហើយ ក្រសួងមហាផ្ទៃ ក៏បានជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះបានចំនួន ៤,៨៤០នាក់ (មានស្រ្តី៥៧៩នាក់) ដែលមាន២៧សញ្ជាតិ។ ជាមួយគ្នានេះ ក្រសួងក៏បានសង្គ្រោះអ្នកដែលត្រូវបានគេជួញដូរមកកម្ពុជាបានចំនួន២១៤នាក់ ផងដែរ៕

Leave a Reply