ស្ទឹងត្រែង៖ ជំនួយឈើប្រណិតល្មើសច្បាប់កំពុងកក្រើកឡើងវិញ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-19ស្ងប់ស្តាត់។ តួយ៉ាង គម្រោងការក្រុមឈ្មួញជួញដូរឈើឆ្លងដែនទៅក្រៅប្រទេសទ្រង់ទ្រាញធំមួយករណី ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញខេត្តស្ទឹងត្រែងបង្ក្រាបបានជោគជ័យ តែយ៉ាងណាដើមឈើធំៗត្រូវកាប់រំលំនិងអារច្រៀកជារាប់រយកំណាត់តូចៗគួរឲ្យអាសូរ។ គំនរឈើទាំងនេះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងរឹបអូសទុកស្ថិតក្រោមការការពាររបស់សមត្ថកិច្ច នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រហូតមកទល់នឹងថ្ងៃទី២៦ ខែឆ្នាំដដែលនេះ។
បើតាមសមត្ថកិច្ចចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ឈើជ្រុងដែលបានបង្ក្រាប និងរឹបអូសបាននាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុង មានមុខកាត់មធ្យម០.៣ម៉ែត្រ និងមានប្រវែង២ម៉ែត្រកន្លះ ទៅ៣ម៉ែត្រ។ ឈើទាំងនេះ ទំនងក្រុមឈ្មួញ គ្រោងដឹកជញ្ជូនឆ្លងទន្លេសេសាន ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី។
ការកត់សម្គាល់ឃើញថា កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែងនៅពេលនេះ បានធ្វើការបង្ក្រាប និងរឹបអូសឈើទាំងនោះបានយ៉ាងជោគជ័យ ដោយមិនបណ្តោយឲ្យឈ្មួញបន្តធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសព្រៃឈើតាមតែអំពើចិត្តបានឡើយ។ ប្រជាពលរដ្ឋមានការកោតសរសើរ ចំពោះចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសេសាន។ ពួកគាត់ក៏បានស្នើដល់កម្លាំងសមត្ថកិច្ច ឲ្យបន្តចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ ខេត្តក្រចេះ នោះផងដែរ។
ប្រភពច្បាស់ការណ៍មួយបានបង្ហើបថា ឈើជ្រុងប្រភេទលេខ១ជាង៣០០កំណាត់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបបានពេលនេះ ក្រុមឈ្មួញបានទម្លាក់លុយឲ្យមេឈ្មួញក្នុងតំបន់នោះកៀងគរពលរដ្ឋចូលព្រៃកាប់ឈើចំណុចព្រៃក្រឡាពស់ និងភ្នំគុល ដែលទំនងស្ថិតនៅក្នុងដែនព្រៃការពារជីវៈចម្រុះ ក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ក្រោយកាប់រំលំនិងអារច្រៀកជាជ្រុងៗតាមការកម្ម៉ង់បញ្ជាទិញពីឈ្មួញក្រៅប្រទេស ទើបដឹកជញ្ជូនយកមកស្តុកទុកក្នុងចំណុចព្រៃមួយកន្លែង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ បន្ទាប់ពីការកាប់ផ្តួល និងពុះជ្រៀកជា៤ជ្រុងហើយ ក្រុមឈ្មួញសកម្មខាងបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ និងព្រៃឈើ បានធ្វើការដឹកជញ្ជូនឈើទាំងនោះ តាមគោយន្តកន្ត្រៃ ឬរថយន្តកែច្នៃ យកមកទម្លាក់នៅមាត់ទន្លេក្នុងស្រុកសេសាន និងបន្ទាប់មកក៏ដឹកជញ្ជូនឆ្លងទឹក យកមកដាក់នៅមាត់ទន្លេត្រើយម្ខាង នៃឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី អាចនឹងដឹកបន្តយកទៅលក់នៅក្នុងប្រទេសវៀតណាម។
យ៉ាងណាមិញ នៅក្នុងប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើជាច្រើនរយកំណាត់នេះ សមត្ថកិច្ចចម្រុះឃាត់ខ្លួនពុំបានជនសង្ស័យម្នាក់ណាឡើយ។ ត្រង់ចំណុចនេះមានមតិជាច្រើនបានរិះគន់ថា ក្រុមមនុស្សដែលប្រព្រឹត្តិបទល្មើសព្រៃឈើទាំងនេះហាក់ដឹងខ្លួនមុន និងបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចនិងមន្ត្រីជំនាញចុះទៅដល់ទីតាំងស្តុកគំនរឈើ។
ប្រភពពីអ្នកស្រុករស់នៅក្នុងតំបន់នោះបានបង្ហើបថា ជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូកនោះ មានជាច្រើននាក់។ ក្នុងនោះមានម្នាក់ត្រូវគេស្គាល់ ឈ្មោះ តាវុធ ដែលគេនិយមហៅថា (តាវុធ ត្បូងខ្លា) ដែលជាឈ្មួញចាស់វស្សា រកស៊ីជួញដូរឈើនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ សង្ស័យ តាវុធត្បូងខ្លា នេះ មានខ្នងបង្អែកធំនៅពីក្រោយ ទើបអាចដំណើរការដឹកជញ្ជូនឈើតាមទូក ពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តក្រចេះ បានយ៉ាងរលូនបែបនេះ៕