មហាជន ជាពិសេសបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេឃើញគូស្នេហ៍របស់តារាចម្រៀងលោក ថុល សុភិទិ ប្រកាសផ្តាច់ទំនាក់ទំនងស្នេហ៍ជាសាធារណៈ ក្រោយពីបានឃើញឈុតឱបថើបរវាងតារាចម្រៀងរូបនេះ ជាមួយនឹងតួស្រីម្នាក់នៅក្នុងឈុតបទចម្រៀងថ្មីមួយ។
រូបភាព និងឃ្លីបវីដេអូ នៃការសម្តែងបទចម្រៀងថ្មីរបស់តារាចម្រៀងលោក ថុល សុភិទិ ជាមួយនឹងតួស្រីមួយរូប ត្រូវបានគេចែកចាយពេញបណ្តាញសង្គម រហូតមានផេកហ្វេសប៊ុកខ្លះបានយកទៅភ្ជាប់នឹងពាក្យបន្ថែមល្បោយបញ្ឆេះ រឿងនេះឱ្យកាន់តែឡើងកំដៅថែមទៀតផង។ ដោយឡែកសម្រាប់គូស្នេហ៍របស់តារាចម្រៀងរូបនេះ ដែលមានឈ្មោះថា ឡុង ម៉ានីន ហៅនីន បានសម្តែងការមិនសប្បាយចំពោះរឿងនេះផងដែរ ខណៈពេលដែលនាងក៏ប្រកាសផ្តាច់ទំនាក់ទងស្នេហ៍ជាមួយតារារូបនេះជាសាធារណៈទៀតផង។
ស្រីស្អាត ឡុង ម៉ានីន ហៅ នីន បានបង្ហោះរូបភាពតារាចម្រៀងលោក ថុល សុភិថិ ថើបមាត់តួស្រីនៅក្នុងឈុតបទចម្រៀង អមជាមួយសំណេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ធ្លាប់និយាយជាមួយថាម៉េច ឡូវម៉េច ធ្វើអីដឹងខ្លួនឯងហើយ។ ចប់ត្រឹមនឹងចុះ»។
យ៉ាងណា ក្រោយឃើញការបង្ហោះសំណេរខាងលើពីគូស្នេហ៍របស់តារាចម្រៀងលោក ថុល សុភិថិ រួចមក ក៏ឃើញមានមហាជនមួយចំនួន នាំគ្នាលើកឡើងថា «ទាំងអស់នេះ អាចគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ព្រោះគូស្នេហ៍មួយនេះ មានភាពផ្អែមល្ហែមខ្លាំងណាស់ មិនអាចនៅសុខៗបែកគ្នាដោយសារតែរឿងបែបនេះឡើយ»។
នៅត្រង់ចំណុចខាងលើនេះ ស្រីស្អាតនាង ឡុង ម៉ានីន ក៏បានបញ្ជាក់តាមរយៈសំណេរបន្ថែមខ្លីមួយទៀតថា «អ្នកខ្លះគិតថា ខ្ញុំសម្តែងជាឈ្លោះគ្នា។ សួរថា បើអ្នកជាខ្ញុំ ខ្ញុំធ្លាប់និយាយតាំងពីស្រឡាញ់គ្នាថា មិនអោយថតឈុតបែបនេះទេ អ្នកក៏ឆ្លើយថាសន្យា តែចុងក្រោយអ្នកធ្វើចឹង សួរថា ពេលខ្ញុំឃើញ ចិត្តខ្ញុំឈឺអត់»។
ទោះបីជាយ៉ាងណា ក្រោយពីការបង្ហោះនូវសំណេរខាងលើនេះ គូស្នេហ៍របស់តារាចម្រៀងលោក ថុល សុភិទិ ក៏បានសម្រេចចិត្តលុបសំណេរខាងលើនេះចោលវិញ ដោយទុកនូវសំណេរបង្ហោះចុងក្រោយថា «ខ្ញុំពូកែគ្រប់យ៉ាង រឹងមាំគ្រប់រឿង ចឹងវាសាកសមហើយដែលរស់នៅម្នាក់ឯង»។
ដោយឡែកសម្រាប់តារាចម្រៀងលោក ថុល សុភិទិ វិញ ក្រោយពេលឃើញមានការចែកចាយរូបភាពរបស់លោក អមជាមួយនឹងការបន្ថែមពាក្យពេចន៍ហាក់បញ្ឆេះកំដៅនោះ លោកក៏បានបង្ហោះសំណេរឆ្លើយតបនៅលើគណនីហ្វេសប៊ុករបស់លោកដែរថា «ខ្ញុំតែងតែរកអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នា ឆ្លៀតធ្វើនេះ ធ្វើនោះ ដើម្បីអោយដឹងថា ខ្ញុំមិនត្រឹមតែចេះតែច្រៀងតែមួយមុខ ខ្ញុំតែងតែរៀនធ្វើអ្វីផ្សេងក្រៅពីច្រៀង ហេតុអីម្នាក់ៗទៅជាចឹងវិញទៅ??? តើវាជាការផឹតក្បត់ ឬក៏សម្ដែង?»។
លោកបញ្ជាក់ថា «ការងារៗ ត្រូវដឹងថាការងារ កុំផុសយក Attention ដល់តែខ្ញុំថើបមាត់ប្រុសគ្នាឯងមែន បានពេញចិត្តអ្នកទាំងអស់គ្នា ហាស?»។
ទោះបីជាយ៉ាងណា ចុងក្រោយតារាចម្រៀងលោក ថុល សុភិទិ ក៏បានបញ្ចេញសារថា «បងដឹងថាអូនឈឺហើយ ដោយសារបងសន្យាតែធ្វើមិនបាន បងធ្វើដោយសារតួនាទី លើកក្រោយបងសុខចិត្តពិបាកខ្លួនឯង បងមិនអោយអូនខូចចិត្តលើកទី២ឡើយ កុំគិតច្រើនណាមនុស្សល្អរបស់បង»។
លោកបន្តថា «ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗ មិនមែនផ្អែមល្ហែមរហូតទេ វាតែងតែមានអាក្រក់-ល្អ ស-ខ្មៅ គឺត្រូវតែមាន កុំធុញពួកខ្ញុំអី ខ្ញុំដឹងថាមិនមែនតែពួកខ្ញុំទេ ដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗគ្នា មនុស្សណាមិនចេះខុស មនុស្សណាដែលគ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់ គឺទទួលស្គាល់កំហុសខ្លួនឯង ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរព តាមការសន្យារបស់គាត់។ ទោះជាយ៉ាងណា មិនថោកអីហ្នឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ វាគឺជាការផ្ដល់តម្លៃទៅអោយគាត់វិញទេ»។
ជាការកត់សម្គាល់ តារាចម្រៀងលោក ថុល សុភិទិ និងអ្នកនាង ឡុង ម៉ានីន ជាអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះនោះ បានប្រកាសភ្ជាប់ចំណងស្នេហ៍ និងរួមរស់ក្នុងដំបូលផ្ទះតែមួយ ក្នុងរយៈពេលចុងក្រោយនេះ។ ជាធម្មតាអ្នកទាំងពីរ បានបង្ហាញពីទំនាក់ទំនងជាសាធារណៈជាមួយនឹងភាពភាពផ្អែមល្ហែមនឹងគ្នា ចាក់ទឹកមិនលិច នៅលើបណ្តាញសង្គម។
គេដឹងថា តារាចម្រៀង ថុល សុភិទិ និងស្រីស្អាតលក់អនឡាញមេម៉ាយកូនមួយ ឡុង ម៉ាននីន បានបញ្ចេញភាពផ្អែមល្ហែមយ៉ាងបើកចំហរ ដោយមិនខ្លាចធ្លាក់ប្រជាប្រិយភាពនោះឡើយ ចាប់តាំងពីតារាចម្រៀងរូបនេះ បានប្រឡងចម្រៀងចប់ក្នុងកម្មវិធី «Cambodia idol»៕