ស្ទឹងត្រែង៖ ប្រជាជននៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានទាញសក្ដានុពលធម្មជាតិនៅតាមដងទន្លេមេគង្គលើ រួមផ្សំជាមួយប្រពៃណីដូនតា ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបអាហារ ព្រមទាំងចំណេះជំនាញបន្ថែមផងដែរ មកបម្រើឱ្យវិស័យអេកូទេសចរណ៍ បានប្រាក់ចំណូលបន្ថែមជួយបង្កើនជីវភាពសេដ្ឋកិច្ចស្រ្តី បង្កើនភាពអង់អាច ដល់ស្រ្តីនៅតាមជនបទ ដើម្បីដំណោះស្រាយភាពធន់និងបំរែបំរួលអាកាសធាតុ និងបង្កើនភាពអង្គអាចផ្នែកសេដ្ឋកិច្ចគ្រួសារ ដែលគិតគូរអំពីយេនឌ័រ។
ដោយឡែកក្រុមស្រ្តី សូឡា គឺជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារ ដោយការនាំផ្ទាំងអគ្គីសនីប្រើព្រះអាទិត្យ សំរាប់កការប្រើប្រាស់នៅតាមផ្ទះ រឺតាមទីតាំងដែលបោះតង់កំសាននៅលើកោះ តាមដងទន្លេងមេគ្គជាដើម កាត់បន្ថយការប៉ះពាល់បរិស្ថាន កាត់បន្ថយចំណាយរាល់ថ្ងៃ។ នេះបើតាមការគូសបញ្ជាក់ពីរដ្ឋបាលឃុំកោះស្នែង។
លោកជំទាវ ស៊ី វណ្ណបុទម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដឹកនាំប្រតិភូ ក្នុងនោះមានមកពីប្រទេសចិន និងប្រទេសថៃ មកទស្សនកិច្ចសិក្សាកាលពីពេលថ្មីៗនេះ ក្នុងការអនុវត្តគម្រោងសាកល្បងមូលនិធិពិសេសរបស់មេគង្គឡាង ឆាង ដើម្បីឆ្លើយតបនិងយេនឌ័រ ក្នុងការបន្សាំ និងភាពធន់ ការប្រែប្រួលអាកាសធាតុ តាមរយៈទទួលបានអនាម័យ និងទឹកស្អាត នៅសហគមន៍ជនបទ។
លោកជំទាវ យ៉ន នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានគម្រោង រួមនិងក្រុមការងារ បានជិះទូកទស្សនាកំសានតាមដងទន្លេមេង្គ នៅមកលេងកំសាននៅ កោះហាន គឺទទួលបាននូវបទពិសោធន៍ល្អៗ នៃដំណើរទស្សនកិច្ច មើលឃើញពីសក្កានុពល ប្រភពទាក់ទាញចំណូលពីវិស័យទេសចរ ដល់ស្រ្តីនៅតាមជនបទ ដើម្បីដំណោះស្រាយភាពធន់និងបំរែបំរួលអាកាសធាតុ។
ការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បាននាំឱ្យដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូ ទទួលបានជោគជ័យ ស្របពេល លោកជំទាវ ស៊ី វណ្ណបុទម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះស្រ្តី បានលើកតម្កើនស្រ្តី ពីការលះបង់របស់ស្រ្តីគឺរួមចំណែកខ្ពស់បំផុតនៃការអភិវឌ្ឍន៍ ដែលក្រសួងកិច្ចការនារីនៅក្នុងយុទ្ធសាស្រ្តទី១ គឺការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច។
គូសបញ្ជាក់ថា៖
សម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងដូចជាបោះតង់ ជិះទូកមើលព្រៃលិចទឹក និងចង់ស្គាល់នូវកន្លែងថ្មី បរិយាកាសថ្មី ( កោះហាន) គឺជាកន្លែងលំហែកាយបែបធម្មជាតិមួយមិនគួរមើលរំលង។ បន្ថែមពីនោះ (កោះហាន) បានក្លាយជាសហគមន៍អេកូទេសចរណ៍ព្រៃលិចទឹកដ៏មានសក្ដានុពលមួយនៅតាមដងទន្លេមេគង្គលើ ដោយផ្ដោតសំខាន់ទៅលើទេសចរណ៍បែបផ្សងព្រេង ទេសចរណ៍មើលព្រៃលិចទឹក និងទស្សនាសត្វស្លាបជាដើម៕