ខេត្តសៀមរាប៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានស្វាគមន៍ទូកដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ត្រូវបានរកឃេីញនិងស្រង់មកលេីគោកវិញ ឥឡូវនេះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានដឹកពីកំពង់ផែភ្នំពេញ មកដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។
អគ្គនាយកស៊ីម៉ាក់ បានបន្តថា នាវានេះអាចត្រូវបានពួនស្ទាក់បាញ់ពន្លិច ឬបាញ់ប្រយុទ្ធដណ្តេីមយកគ្រាប់នៅកំឡុងសង្គ្រាមនៅទសវត្ស១៩៧០ និងបានលិចនៅបាតទន្លេប្រមាណជាង៥០ឆ្នាំកន្លងមកហេីយ និងបានប្រតិបត្តិការស្រង់យកគ្រាប់ព្រមទាំងទូកនេះដោយកម្លាំងកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា នៅសារមន្ទីរតេជោសន្តិភាព មានអាគារសម្រាប់តាំងសម្ភារៈសឹក រូបភាពនិងឯកសារសក្ខីកម្មសំណល់យុទ្ឌភណ្ឌក្រោមទឹកមួយកន្លែងដែលកំពុងតែមមាញឹករៀបចំនិងដាក់តំឡេីងភស្តុតាងនិងព័ត៌មាននានា។
គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ អគ្គនាយកស៊ីម៉ាក់ ធ្លាប់មានប្រសាសន៍ថា៖ សារមន្ទីរសន្តិភាពអាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយៈពេលចុងក្រោយនៃសម័យទំនេីបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ! ដែលសង្គ្រាមនោះភាគច្រេីនកេីតឡេីងដោយការបែកបាក់ក្នុងសង្គមជាតិសាសន៍ខ្លួនឯង តាមការញុះញង់ពីជាតិសាសន៍ខាងក្រៅទាំងជិតទាំងឆ្ងាយផង និងការចុះខ្សោយនៃជំនឿទុកចិត្តប្រាជ្ញាស្មារតីខាងក្នុងពូជសាសន៍ខ្លួនឯងផង ដោយបាត់បង់នូវភាពម្ចាស់ការ(ownership) និងតែងតែឱ្យតម្លៃជ្រុលហួសហេតុទៅលេីបរទេសស្ថិតនៅឆ្ងាយនិងភ័យខ្លាចបាក់ស្មារតីជាមួយបរទេសនៅក្បែរខ្លួន ដោយសារកត្តាប្រមោលប្រវត្តិសាស្ត្រនៃការរំលោភបំពាន។
ដូចនេះការបង្កេីតនូវភាពមន្ទិលសង្ស័យភាពមិនទុកចិត្តគ្នា ការបន្សាបអំណាចរដ្ឋ និងបង្កេីតវប្បធម៌លាបពណ៌គ្នាងាយផ្ទុះឡេីង បន្ថែមលេីនេះដោយសារការប្រព្រឹតិ្តមិនល្អរបស់មន្ត្រីខ្លះ អ្នកមានទ្រព្យខ្លះ ដែលទង្វេីទាំងនោះប៉ះពាល់ដល់ផលប្រយោជន៍រាស្ត្រទន់ខ្សោយ សម្បតិ្តរដ្ឋ និងការដំណេីរការយុត្តិធម៌សង្គមនៅមានកំរិតផងនោះ…..ជាដេីម។ល។ នេះជាតថភាពជាក់ស្តែងនៃសង្គមនីមួយៗដែលត្រូវឆ្លងកាត់ពេលវេលា ការអប់រំនិងភាពចេះដឹងប្រកបដោយគុណធម៌របស់ពូជសាសន៍នេះ និងការអភិវឌ្ឍរីកចម្រេីនខាងសេដ្ឋកិច្ចសង្គមនិងសេដ្ឋកិច្ចជាតិ៕