ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ហ៊ុយតាំង នៅចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវបំណងគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួប ដែលសម្ដេចធិបតី អនុញ្ញាត ឱ្យឯកអគ្គរដ្ឋទូតវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនាថ្ងៃទី ១១ ខែតុលានេះ ក្រៅពីអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម លោក ង្វៀន ហ៊ុយតាំង ក៏បានកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។
ជុំវិញទំនាក់ទំនងកម្ពុជា-វៀតណាម លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងផងដែរ នូវភាពសប្បាយរីករាយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលវៀតណាមបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត ។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ ។
សម្ដេចធិបតី និងលោក ង្វៀន ហ៊ុយតាំង ក៏បានពិភាក្សាផងដែរអំពីយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត៕
ដកស្រស់ពីkampucheatmey