ស្ទឹងត្រែង៖ រឿងរសើបនៅខេត្តស្ទឹងត្រែងលោក ជា គួង ត្រូវកម្លាំងនគរបាលក្រៀកចេញពីអង្គពិធីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤។
ពាណិជ្ជកររូបនេះបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃដោយចោទមន្ត្រីក្រាក់ៗចំនួន៥នាក់ថាបានប្រព្រឹត្តិអំពើស៊ីសំណូកសូកប៉ាន់ និងពុករលួយ ចំពោះការដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤។ ពេលនេះពាក្យបណ្តឹងកំពុងត្រូវបានក្រសួងមហាផ្ទៃត្រួតពិនិត្យនិងចាត់វិធានការ។ នេះបើតាមការបញ្ចាក់របស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
នៅក្នុងពាក្យបណ្តឹង លោក ជា គួង បានគោរពជួន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើមន្ត្រីពាក់ព័ន្ធចំនួន៥រូប។ ក្នុងនោះរួមមាន៖ (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទ ។ (២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង (៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ (៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង ។ និងទី(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ:អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។
មន្ត្រីទាំង៥រូបខាងលើនេះ លោក ជា គួង ប្តឹងចោទប្រកាន់ថាបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណៈ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសំរាម។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃបានទទួលបណ្តឹងហើយ ដោយពាក្យបណ្តឹងនេះនឹងគោរពជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ។ លោកថា ក្នុងនាមក្រសួងមហាផ្ទៃ គឺជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា គឺលោកមិនព្រងើយកន្តើយទេនូវរាល់បណ្តឹងរបស់បងប្អូនជាទូទៅ គ្រាន់តែថាបណ្តឹងទាំងអស់ត្រូវការពិតច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មានមូលដ្ឋានត្រឹមត្រូវ។ ហើយនៅពេលដែលធ្វើការស្រាវជ្រាវទៅឃើញលទ្ធផលបែបណា គឺយើងផ្អែកទៅលើភស្តុតាងមានសាក្សី មានឯកសារបញ្ជាក់ និងមានវត្ថុតាងនានាដទៃទៀត៕
អត្ថបទ+រូបភាព៖ តាកោះខ្មែរ