ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបតែងតាំងថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស ព្រោះស្ទឹងត្រែងជាតំបន់ក្តៅដែលមានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ មានបទល្មើសធនធានរ៉ែ និងមានការកាប់ទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់លោកឧត្តមសេនីយ៍ត្រី សេង សុភាព ដែលជាមេបញ្ជាការកងរាជអាវុធហត្ថរបស់ខេត្តស្ទឹងត្រែងថ្មីថា ត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស។ នាយឧត្តសេនីយ៍ សៅ សុខា ថា ខេត្តស្ទឹងត្រែងជាខេត្តក្តៅដែលមានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ មានបទល្មើសធនធានរ៉ែ និងមានការកាប់ទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ដូច្នោះការស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសទាំងនេះ គឺជាអម្រែកដ៏ធ្ងន់សម្រាប់មេបញ្ជាការដែលទើបតែងតាំងថ្ងៃនេះ។
ថ្នាក់ដឹកនាំកងរាជអាវុធលើផ្ទៃប្រទេសរូបនេះ បានថ្លែងបន្ថែមថា កម្លាំងអាវុធហត្ថ ត្រូវធ្វើជាស្នូល នៃការសហការ ដែលជាកម្លាំងបំពេញបន្ថែមចាំសហការនិងកងកម្លាំងនគរបាលជាតិ។ លោកថា អាវុធហត្ថមិនត្រូវដណ្ដើមការងារនិងនគរបាលធ្វើដើម្បីតែចង់បានគុណសមប្បត្តិមុខមាត់នោះទេ ប៉ុន្តែក៏មិនត្រូវបញ្ចាំគ្នាដែរ ត្រូវរួមសហការគ្នា ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុក គណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក ដើម្បីបំពេញការងារថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់និងសង្គ្រោះប្រជាពលរដ្ឋ។
ចំណែកទាក់ទងនឹងការអនុវត្តច្បាប់ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជាឱវាទថា ធ្វើមេបញ្ជាការគេត្រូវតែមានការទំនាក់ទំនងនិងយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាមួយនឹងព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ។ ក្នុងការបំពេញតួនាទីភារកិច្ចជានគរបាលយុត្តិធម៌ ត្រូវធ្វើឲ្យបានត្រឹមត្រូវគ្រប់សំណុំរឿង ដែលកងរាជអាវុធហត្ថបានកសាងមុននឹងបញ្ចូនទៅព្រះរាជអាជ្ញា ដើម្បីសុំគោលការណ៍ចោទប្រកាន់នោះ ត្រូវតែប្រមូលអោយបាននូវធាតុផ្សំដែលនីតិវិធីតម្រូវទាំងបី ពោលគឺភស្តុតាង ចម្លើយ និងសាក្សី។
នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន បញ្ហាធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ ក៏ដូចជាករណីពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្ស ជាមួយនឹងល្បែងស៊ីសង ការប្រើប្រាស់អាវុធខុសច្បាប់ ក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោក គឺសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដូច្នេះត្រូវតែសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យតែធ្វើបានប៉ុណ្ណឹង គឺស្រុកយើងមានសុវត្ថិភាពហើយ នេះគឺការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ។
សូមបញ្ជាក់ថា លោកវរៈសេនីយ៍ឯក សេង សុភាព អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រូវបានក្រសួងការពារជាតិដំឡើងឋានន្តរសក្តិពីថ្នាក់វរៈសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី ក៏ដូចជារាជរដ្ឋាភិបានផ្ដល់សេចក្តីទុកចិត្ត តែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជំនួស ឧត្តមសេនិយ៍ត្រី អៀង វ៉ាន់ឌី អតីតមេបញ្ជាការចាស់ត្រូវបានផ្លាស់ប្ដូរទៅកាន់មុខតំណែងតួនាទីថ្មី៕