ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ១រូបទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ​អាជ្ញាធរ​ពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់​មកដល់ប្រទេសកម្ពុជា​ដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយ​ញាតិមិត្ត​របស់ខ្លួនវិញ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក​ ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់​ពួកគាត់​ទៅប្រទេសទី៣។

ក្រោយពីបានទទួលព័ត៌មាននេះ ​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការ​សហការភ្លាមពីអជ្ញាធរឡាវ​ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ​ជាមួយគ្នានេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជា​ប្រចាំប្រទេសឡាវ​ឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយ​សមត្ថកិច្ចឡាវ។

រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ៦ រូបត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិត​នៅកន្លែងមានសុវត្ថិភាព ​និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ​ស្ថានទូតបាន និងកំពុង​បន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ ​បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១ រូបទៀត។

ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះ ​បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និង​ការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចធិបតី​នាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរ​ពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅ​គ្រប់​ទីកន្លែង។ មិនថានៅបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាល​បានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋចោលនោះទេ គឺប្រឹងប្រែង​អស់លទ្ធភាព ដើម្បីជួយពួកគេ។

នារីរងគ្រោះទាំង៦រូបដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេក​បានរួចផុត​ពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏ដូចជា​អាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​មន្ត្រី​នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed