ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងក្រុងស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារនៃសព បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ និងបានចំណាយពេលវេលាជាច្រើនម៉ោង ជិះទូកទាំងថ្ងៃទាំងយប់ ដើម្បីតាមស្វែងរកសាកសពស្ត្រី ដែលជាមន្ត្រីនគរបាលក្រុងម្នាក់ ក្រោយពីស្ត្រីនោះបានសម្រេចចិត្តធ្វើអត្តឃាត លោតពីលើស្ពានសេកុងស្ទឹងត្រែង បញ្ចប់ជីវិតពីលើលោកនេះ ដោយបានបន្សល់ទុកនូវស្វាមី និងកូនស្រី ប្រុស ២នាក់ទៀត ឱ្យរស់រងនូវភាពរងារ។

សាកសពត្រូវបានរកឃើញ នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ ឧសភា ២០២៤ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីធ្វើអត្តឃាត (ស្ពានសេកុងស្ទឹងត្រែង) ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សាកសពស្ត្រីជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង ត្រូវគេស្គាល់ឈ្មោះ អាយ សុធារ៉ា អាយុ ៣២ឆ្នាំ ឋានៈអនុសេនីយ៍ទោ មានតួនាទីជា នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង និងបានផ្ទេរមកបំពេញការងារ ជាមន្ត្រីចរាចរណ៍ផ្លូវគោក មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នាងមានស្វាមីបម្រើការងារនៅធនាគារឯកជនមួយក្នុងខេត្តស្ទឹងត្រែង និងមានកូន ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ អាយុទើបបាន ២ខែ តែប៉ុណ្ណោះ។ រីឯការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលរូបនោះ គេបានដាក់ការសង្ស័យថា «អាចមកពីមានវិបត្តិនៅក្នុងគ្រួសារ»។

គួររំលឹកថា យោងតាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ស្ត្រីរងគ្រោះបានបើករថយន្ត ១គ្រឿង ម៉ាកកាមរីស៊េរី ០៧ ពណ៌ទឹកប្រាក់ សំដៅឆ្ពោះទៅកាន់ស្ពានសេកុងស្ទឹងត្រែង លុះបើករថយន្តមកដល់ពាក់កណ្តាលស្ពាន (ទីដែលខ្ពស់ជាងគេ) នាងបានចុះពីរថយន្ត ហើយដើរចូលទៅក្នុងប៉ម (ប៉ុស្តិ៍យាម) រួចចេញមកវិញ ដោយយកកូនសោររថយន្តទុកលើដំបូលរថយន្ត បន្ទាប់មកស្ត្រីរងគ្រោះ ក៏បានតោងឡើងលើបង្កាន់ដៃស្ពាន រួចក៏លោតចូលទៅក្នុងទឹកទន្លេសេកុង បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកដំណើរឆ្លងកាត់ស្ពានសេកុងស្ទឹងត្រែង នាម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ថ្ងៃទី១៥ ឧសភា ២០២៤។
ប្រភពបានឱ្យដឹងទៀតថា ខណៈនោះអ្នកនេសាទត្រី ដែលកំពុងនេសាទជាលក្ខណៈគ្រួសារ នៅជិតទីកើតហេតុនោះ ឃើញដូច្នេះ ក៏ប្រញាប់ចេញទូកតាមជួយស្វែងរកសង្គ្រោះជីវិតជនរងគ្រោះភ្លាមៗដែរ ដោយធ្វើការបង់សំណាញ់ និងចុះមុជទឹករាវរក តែជាអកុសល្យរកមិនឃើញស្ត្រីរងគ្រោះក្នុងគ្រានោះទេ។

ពាក់ព័ន្ធនឹងការធ្វើអត្តឃាតរបស់ ស្ត្រីដែលជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង រូបនោះ គ្មានប្រភពច្បាស់ការណាមួយ បានបង្ហាញឱ្យដឹងពីមូលហេតុពិតប្រាកដនោះទេ ថាតើអាចផ្តើមចេញពីវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រួសារ ឬ វិបត្តិក្នុងកិច្ចការងារ ឬយ៉ាងណា ទើបនាងអាចឈានដល់ការសម្រេចចិត្ត បញ្ចប់ជីវិតចោលប្តី និងកូនប្រុស ស្រី ២នាក់ទៀត យ៉ាងដូច្នេះ?។
ជុំវិញករណីនេះ អភិបាលរងក្រុងស្ទឹងត្រែង លោក ម៉ម ដារ៉ា ដែលសកម្មក្នុងការដឹកនាំកម្លាំង ចុះរុករកសាកសពស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹង នៅក្រោយពេលស្រង់សាកសពរួច នាម៉ោង ៩ព្រឹក ថ្ងៃទី១៦ឧសភា នេះថា តាមការសន្និដ្ឋានជំហានដំបូង ការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលក្រុងរូបនោះ អាចបណ្តាលមកពីវិបត្តិក្នុងគ្រួសារ។

ក្រោយការរកឃើញ សាកសពត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកតាមទូកម៉ាស៊ីន នាំយកមកកំពុងផែចាស់(កំពុងសាឡាង) ក្នុងក្រុងស្ទឹងត្រែង ក្រោមក្រសែភ្នែកពីមនុស្សប្រុស ស្រី ក្មេង ចាស់ ឈរតម្រៀបគ្នាយ៉ាងត្រៀបត្រា និងបានបញ្ជូនសាកសពតាមរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ដែលមានមូលដ្ឋាន នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងស្ពានសេកុងស្ទឹងត្រែង បានបើកដំណើរការសាងសង់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការនាច្រើនឆ្នាំកន្លមក គេកត់សម្គាល់ឃើញថា នេះជាលើកដំបូងបង្អស់ហើយ ដែលមានមនុស្សលោតសម្លាប់ខ្លួនពីលើស្ពាននេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed