ស្ទឹងត្រែង÷ នាព្រឹកថ្ងៃ ទី ០៦ ខែ មេសា ឆ្នាំ ២០២២ លោក ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និងជូនពរ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នឹង លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នថ្ងៃទី១៤-១៥-១៦ ខែមេសាឆ្នាំ២០២២ខាងមុខ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តកន្ទូម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញមកជូនពរលោលក្នុងឱកាសដែលប្រជាជនកម្ពុជា និយាយរួម និងនិយាយដោយឡែក ប្រជាជនខេត្តស្ទឹងត្រែង នឹងរៀបចំទទួលអំណរឆ្នាំថ្មីខាង
មុខ។

លោកអភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង និងខេត្តកន្ទូម ដែលបានរួមសហប្រតិបត្តិការ គ្នាបានយ៉ាងល្អប្រសើរ និងមានសមិទ្ធផលយ៉ាងច្រើនទៀត ដែលខេត្តទាំងពីរសម្រេចបានរួមគ្នា សំដៅគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ង្វៀង ហ៊ូថាប សមាជិកគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានថ្លែងអំណរគុណ លោកអភិបាលខេត្តស្ទឹងត្រែង ដែលអនុញ្ញាតឱ្យគណៈប្រតិភូខេត្តកន្ទូម ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ង្វៀង ហ៊ូថាប បានជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង សូមទទួលបាននូវសិរីសួស្តីក្នុងឆ្នាំថ្មី និងមានសុខភាពល្អបរិបូណ៍។ លោក ង្វៀង ហ៊ូថាប ក៏បានកោតសសើរផងដែរចំពោះវឌ្ឍនភាពខេត្តស្ទឹងត្រែង ដែលវឌ្ឍនភាពនេះបានបង្ហាញអោយឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងយ៉ាងពិតប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed