បន្ទាយមានជ័យ៖ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ ឈ្មោះ អឿ មុន្នី បង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កើតទុកមិនសុខចិត្តរឿងលោកនាយកសាលាបឋមមួយនេះបានដកអ្នកគ្រូមិនឲ្យបង្រៀនបន្តទៀត។ រឿងដកអ្នកគ្រូមធ្យមទេ តែងំលោកនាយកដាក់ប្អូនប្រុសខ្លួនឯងឲ្យបង្រៀនជំនួសអ្នកគ្រូទៅវិញ។ អ្នកគ្រូថា កាលនៅប្រាក់ខែថោកឲ្យបង្រៀនដល់ប្រាក់ឡើងថ្លៃដកអ្នកគ្រូចោល។ អ្នកគ្រូបានទម្លាយរឿងរ៉ាវនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមហាជនបានដឹង និងស្នើសុំឲ្យថ្នាក់ដឹកនាំជួយអ្នកគ្រូផង។

យោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកគ្រូអឿ មុន្នី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានសរសេររៀបរាប់ថា អ្នកគ្រូបានធ្វើជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមមួយនេះតាំងពីឆ្នាំ ២០០៦ ដោយសារតែខ្វះគ្រូ និងទទួលបានប្រាក់ខែត្រឹមតែ១៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយខែ ។ រហូតដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ខែដល់អ្នកគ្រូ ១លាន១២ម៉ឺនរៀល ។ស្រាប់តែនៅអំឡុងខែវិច្ឆិកាឆ្នាំ២០២៣នេះ លោកនាយកសាលានិងខាងការិយាល័យអប់រំក្រុងប៉ោយប៉ែត បានបញ្ឈប់អ្នកគ្រូលែងឱ្យបង្រៀនដោយលើកហេតុផលថាអ្នកគ្រូចាស់ហើយ ។ ប៉ុន្តែអ្វីដែលមិននឹកស្មានមិនដល់នោះ គឺលោកនាយកបានដាក់ប្អូនប្រុសរបស់គាត់២នាក់មកបង្រៀនជាប់កិច្ចសន្យាជំនួសអ្នកគ្រូវិញ ។

នៅក្នុងសំណេរនោះអ្នកគ្រូបន្តថា អ្នកគ្រូមិនថាអ្វីនោះទេ បើសិនជាដកអ្នកគ្រូ ហើយដាក់អ្នកផ្សេងជំនួស តែនេះ លោកនាយកបានដាក់ប្អូនប្រុសរបស់ខ្លួនទៅវិញ ខណៈកាលដែលអ្នកគ្រូទទួលបានប្រាក់១៣ម៉ឺនរៀល គឺប្អូនប្រុសនាយកអត់អើពើចង់មកបង្រៀនទេ ស្រាប់តែប្រាក់ខែឡើងថ្លៃ ក៏ដកអ្នកគ្រូហើយដាក់ប្អូនរបស់ខ្លួនទៅវិញ ។អ្វីដែលសំខាន់នោះ ប្អូនប្រុសរបស់លោកនាយកទាំង២នាក់នេះ មិនមែនជាអ្នករស់នៅក្នុងមូលដ្ឋានទៅទៀត ។ អ្នកគ្រូបានស្នើសុំឱ្យសម្ដេចធិបតី ជួយរកយុត្តិធម៌ជូនអ្នកគ្រូផង ព្រោះវាអយុត្តិធម៌សម្រាប់អ្នកគ្រូពេកហើយ។

ជុំវិញរឿងរ៉ាងខាងលើនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ជាគោលការណ៍ដែលបានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី ១៨ ឆ្នាំដល់៤០ឆ្នាំ។ ករណីជាក់ស្ដែងចំពោះអ្នកគ្រូ អឿ មុន្នី ដែលមានអាយុលើសច្រើន រហូតទៅដល់ ៥៧ឆ្នាំ ជាហេតុធ្វើឱ្យការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ពុំបានទទួលពាក្យសុំធ្វើជាគូបង្រៀនជាប់កិច្ចសន្យារបស់គាត់ឡើយ។ សម្រាប់ឆ្នាំ២០២២កន្លងមក អ្នកគ្រូ អឿ មុន្នី បានទទូចស្នើសុំ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ដោយបានធ្វើជាគ្រូកិច្ចសន្យា ស្នើសុំជួយសម្របសម្រួល ឱ្យបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា រយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ៕

អត្ថបទ+រូបភាព៖ តាកោះខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *

You missed