មណ្ឌលគិរី ៖ ទុក្ខជាន់ទុក្ខផ្ទះឈើចំនួនពីរខ្នង របស់ជនរងគ្រោះក្នុងឧបទ្ទេវហេតុផ្ទុះគ្រាប់បេ៤១ស្លាប់អស់មនុស្សចំនួន៤នាក់ កំពុងប្រឈមការរុះរើឬដុតចោល ដ្បិតអ្នកភូមិជាពិសេសសាច់ញាតិយល់ថា អាចនាំគ្រោះចង្រៃដល់អ្នកដទៃ។
នៅថ្ងៃទី២២ មេសា ២០២៤ អាជ្ញាធរក្រុងសែនមនោមរម្យ និងមន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ណែនាំហាមឃាត់មិនឲ្យបងប្អូនអ្នកភូមិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់កើតមានអារម្មណ៏ភ័យខ្លាច រហូតឈានដល់ដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិនានារបស់សពដែលបានស្លាប់ក្នុងហេតុការណ៏ខាងលើ ។
លោក ជ្រង ធីល អភិបាលរងក្រុងសែនមនោរម្យ បានឲ្យដឹងថា ក្រុមគ្រួសាររបស់សពដែលបានស្លាប់ក្នុងករណីនេះ ជួបទុក្ខធំយ៉ាងអណោធអធម៏ណាស់ទៅហើយ ពោលគឺបាត់បង់បង្គោលគ្រួសារដែលជាបង្អែកដ៏រឹងមាំជួយជ្រោងជីវភាព រួមមាន ឪពុក កូន និងចៅ ។ ហើយបើត្រូវដុតបំផ្លាញផ្ទះសម្បែងឬទ្រព្យសម្បត្តិដែលនៅសេសសល់ទៀត តើអ្នកនៅរស់ត្រូវជួបទុក្ខលំបាកអ្វីខ្លះ?
លោកអភិបាលរងក្រុងសែនមនោរម្យបន្តថា អបីយ៍ជំនឿមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ឬស្លាប់ក្នុងឧបទ្ទេវហេតុអ្វីមួយ តាំងពីបុរាណតាមប្រពៃណីជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី គេតែងសន្មត់ថា ខ្មោចតៃហោង ដែលតម្រូវឲ្យ សាច់ញាតិគ្រួសារសព(ប្តីឬប្រពន្ឋឬកូនៗ) ត្រូវរៀបចំពិធីសែនព្រេនថ្វាយ គោ មាន់ ទា ជ្រូក និងស្រាពាង ជាដើម។ ក្រៅពីពិធីសែននេះ តាមភូមិខ្លះឈានដល់ការរុះរើ និងដុតផ្ទះ រួមទាំងទ្រព្យសម្បត្តិនានាដែលពាក់ព័ន្ឋរបស់ជនរងគ្រោះចោល មិនត្រឹមប៉ុនណោះបើសភាពកាន់តែធ្ងន់ គឺបណ្តេញគ្រួសារសពចេញពីភូមិតែម្តង។
លោក ជ្រង ធីល បានបញ្ជាក់ថា សូម្បីនៅថ្ងៃកើតហេតុ ពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យស្រាវជ្រាវករណីខាងលើនេះ បានស្នើរសុំដល់អ្នកភូមិជួយសហការ ជូនកម្លាំងជំនាញទៅទីតាំងកើតហេតុ គ្មានអ្នកភូមិណាម្នាក់ជួយយកអាសារនាំផ្លូវទៅឡើយ។សមត្ថកិច្ចត្រូវថ្មើរជើងតាំងពីល្ងាចថ្ងៃកើតហេតុ រហូតដល់ពាក់កណ្តាលយប់ទម្រាំរកឃើញកន្លែងសាកសពជនរងគ្រោះ ដោយដើរក្នុងព្រៃចម្ងាយប្រមាណជិត១០គីឡូម៉ែត្រ។រឿងកាន់តែហួសចិត្តទៀតនោះគឺ ក្រោយសមត្ថកិច្ចបញ្ចប់ ភារកិច្ចរបស់ខ្លួនវិលត្រលប់ទៅអង្គភាពវិញ ស្រាប់តែអ្នកភូមិហាមឃាត់មិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងតាមកាត់ផ្លូវក្នុងភូមិទេ ដូច្នេះកម្លាំងទាំងអស់ត្រូវដើរវាងភូមិអស់មួយជុំទើបទៅដល់ផ្លូវធំវិញ។
ចំណែកសភាពផ្ទះរបស់សពជនរងគ្រោះទាំងបួននាក់ សង្កេតឃើញថា មានភាពស្ងាត់ជ្រងំ គ្មានពិធីបុណ្យសព គ្មានសាច់ញាតិជួបជុំរំលែកទុក្ខអ្វីឡើយ។ហើយអ្នកជិតខាងបានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានឆ្លងរបងចូលក្នុងបរិវេណផ្ទះសពទេ ។លុះមានការអន្តរាគមន៏ពន្យល់ណែនាំពីអាជ្ញាធរ បន្តិចក្រោយមកគេបានឃើញមានសាច់ញាតិរបស់សព និងមនុស្សជិតដិតខ្លះ បានជួយកាប់ជ្រូកមាន់រៀបចំពិធីសែនតាមបែបបទរបស់ពួកគាត់។
ទោះជាយ៉ាងណាការលើកឡើងអំពីបញ្ហាសពរបស់ជនរងគ្រោះទាំងបួននាក់ស្លាប់អាចនាំគ្រោះភ័យដល់អ្នកភូមិ ហើយត្រូវដុតផ្ទះចោល មិនទាន់កើតមានទេគិតត្រឹមរសៀលថ្ងៃទី២២ មេសា ២០២៤ ខណៈគេបានឃើញអាជ្ញាធរកំពុងខិតខំពន្យល់ ណែនាំនិងហាមឃាត់សកម្មភាពនោះកុំឲ្យកើតមាន។ ហើយអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត បើករណីដុតផ្ទះត្រូវបានធ្វើឡើង គេនិងបន្តរកដំណោះស្រាយផ្សេងមកជំនួសការដុតផ្ទះចោល ដោយធ្វើពិធីឧបកិច្ចផ្សេងៗវិញ។