បុរសម្នាក់ដែលអ្នកជិតខាងតែងតែត្អូញត្អែប្រាប់អាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារថាបានចាក់បាស់រំពងសំឡេងខ្លាំងៗរំខានដល់អ្នកជិតខាងដេកពួនពុំបាន ពេលនេះត្រូវបានកម្លាំងនគរបាលឃុំប៊ូស្រាចេញលិខិតកោះហៅមកធ្វើការអប់រំណែនាំ។ ចំណាត់ការរបស់ប៉ុស្តិ៍នគរបាលឃុំប៊ូស៊្រាត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី លន់ លឹមហេង មេប៉ុស្តិ៍នគរបាលឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារសារព័ត៌មានកោះខ្មែរឲ្យដឹងថា កម្លាំងប៉ុស្តិ៍របស់លោកបានសម្រេចចេញលិខិតកោះហៅបុរសម្នាក់មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឃប់នូវទង្វើចាស់ធុងបាស់រំពងសំឡេងលឺៗបង្ករការរំខាងដល់ប្រជាពលរដ្ឋដែលជាញាតិរស់នៅក្បែខាងរកដេកពួនពុំបាន។ លោកថា ចំណាត់ការរបស់លោកពេលនេះធ្វើទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលជាអ្នករស់នៅជិតខាងរបស់បុរសខាងលើនេះផ្ទាល់តែម្តង។
យោងតាមលិខិតកិច្ចសន្យាដែលធ្វើនៅចំពោះមុខមេប៉ុស្តិ៍នគរបាលឃុំប៊ូស្រាបានបង្ហាញថា បុរសដែលប្រជាពលរដ្ឋប្តឹងថាចាក់បាស់លឺៗរូបនេះមានឈ្មោះ ប៊ុនថាន់ កូរឺស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នៅក្នុងកិច្ចសន្យាចំពោះមុខសមត្ថកិច្ច លោក ប៊ុន ថាន់កូរឺស បានសរសេរថា ចាប់ពីថ្ងៃនេះតទៅលោកសូមសន្យាថានឹងឈប់ចាក់បាស់រំពងសំឡេងរំខានដល់អ្នកជិតខាងទៀតហើយ។ បើសិនជាលោកមិនគោរពកិច្ចសន្យាខាងលើលោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបុរសដែលនិយមចាក់បាស់លឺៗខាងលើបាននិយាយដោយសុំមិនបញ្ចេញអត្តសញ្ញាណថា លោកមិនទាន់ជឿថាបុរសរូបនេះទៅថ្ងៃខាងមុខបញ្ឈប់នូវទង្វើចាក់បាស់រំខានដល់អ្នកជិតខាងតាមការសន្យារបស់ខ្លួនឡើយ ព្រោះគាត់តែងតែចាក់បាស់រំពងសំឡេងលឺៗដូច្នេះច្រើនថ្ងៃច្រើនខែមកហើយ។ ហើយក៏ធ្លាប់ត្រូវបានអ្នកជិតខាងស្នើសុំឲ្យបញ្ឈប់ជាច្រើនលើកច្រើនសារដែរតែគាត់មិនស្តាប់។ លើសពីនេះ អ្នកជិតខាងគាត់ក៏ធ្លាប់បានប្តឹងទៅអាជ្ញាធរមូលដ្ឋានច្រើដងដែរ ហើយអជ្ញាធរក៏ធ្លាប់ណែនាំបុរសរូបនេះរួចមកហើយនៅតែមិនស្តាប់។ ទើបគេទ្រាំលែងបានប្តឹងទៅសម្ថកិច្ចមូលដ្ឋានឲ្យមានចំណាត់ការ។
យ៉ាងណាក៏ដោយ ចំណាត់ការរបស់លោកមេប៉ុស្តិ៍ខាងលើទទួលបានការសាទរខ្លាំងពីអ្នកភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ក៏ដូចជាមហាជនទូទៅ ព្រោះថា សកម្មភាពចាក់បាស់រំពងសំឡេងរំខានអ្នកដ៏ទៃកំពុងកើតមានស្ទើរគ្រប់ទីកន្លែងនៅក្នុងសង្គមបច្ចុប្បន្ន។ ដូច្នេះនេះជាគំរូមួយចំពោះក្រុមមនុស្សមួយចំនួនដែលនិយមចូលចិត្តផឹកស្រាស្រវឹងចាក់ធុងបាស់កងរំពងសំឡេងរំខានដល់អ្នកជិតខាង ដែលវាគ្មានចំណេញអ្វីក្រៅពីសមត្ថកិច្ចហៅសួរនាំ នាំឲ្យបាត់បង់កិត្តិយស៕
អត្ថបទ+រូបភាព៖ អ៊ិត សុភាព