សៀមរាប៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ ដែលរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួបទី២០ នៃការយាងឡើងគ្រងព្រះបរមរាជ្យសម្បត្តិរបស់អង្គព្រះករុណាជាអម្ចាស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង ដើម្បីជាការរួមគ្នាជំរុញការផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ និងជាការបង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។
ប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានាចូលរួមក្នុងព្រឹត្តិការណ៍នេះបានបង្ហាញក្ដីរីករាយ និងមានក្ដីរំភើប ដែលបានទស្សនាផ្ទាល់នូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលបានបង្ហាញឱ្យឃើញពីសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយើង ដែលបន្សល់ទូកពីដូនតាខ្មែរយើង។ ពិសេសនោះ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺបានរំលឹកឱ្យយើងឃើញនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ។
ពួកគាត់បានលើកឡើងបន្តថា តាមរយៈព្រឹត្តិការណ៍នេះ នឹងរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍” មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការជាមួយសមាគមសិល្បករខ្មែរ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវប្បធម៌ ព្រមទាំងសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ និងជំរុញទាក់ទាញ បង្កើនកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបអង្គរ៕