ព្រះចន្ទពេញវង់ពណ៌ខៀវ ឬ Blue Supermoon ដ៏កម្រ ហើយជិតផែនដីបំផុត នឹងបង្ហាញខ្លួននៅតំបន់អាស៊ីល្ងាចស្អែកតទៅ ខណៈមនុស្សអាចមើលឃើញដោយភ្នែកទទេ ចាប់ពីល្ងាចថ្ងៃទី៣១ ខែសីហា រហូតដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ។

ព្រះចន្ទ​ពេញវង់ដែលនៅជិតផែនដីបំផុតក្នុងឆ្នាំនេះ វាមានចម្ងាយប្រហែល ៣៥៧,៣៣៤ គីឡូម៉ែត្រ​ពី​ផែនដី ហើយ​យប់នោះក៏ជាព្រះចន្ទពេញវង់ទីពីរនៃខែ ឬ Blue Moon ផង​ដែរ ។​ នៅ​យប់បែបនេះ ព្រះចន្ទពេញវង់ហាក់ដូចជាធំជាងធម្មតា ។ បើ​ប្រៀបធៀបទៅនឹង​ព្រះចន្ទ​ពេញ​វង់​ធម្មតា មានទំហំធំ​ជាងប្រហែល ៧ ភាគរយ និងពន្លឺប្រហែល ១៥ ភាគរយ ។

ចំណែកឯពេលវេលាដែលកម្ពុជាយើងអាចមើលឃើញបាតុភូតព្រះចន្ទនេះ ​គឺ​ចាប់ពី​ម៉ោង ​៦ និង ៣៤ ​​នាទីល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា រហូត​ដល់​ព្រលឹម​ថ្ងៃ​ទី​១ ខែកញ្ញា ហើយអាចមើលបានដោយភ្នែក​ទទេ​បាននៅ​ទិស​ខាងកើត ហើយ​ភព​សៅរ៍​ក៏​លេច​ភ្លឺ​អម​ជាមួយ​ព្រះ​ចន្ទ​ពណ៌ខៀវដែរ ។

បើយោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជាក់​ថា Supermoon កើតឡើងនៅពេល​ដែល​ព្រះចន្ទមូល​ពេញហើយកៀកនឹងចំណុចជិតបំផុតរបស់វាជាមួយផែនដី ។ ប៉ុន្តែវាកើតឡើង ៣ ទៅ ៤ ​ដងប៉ុណ្ណោះក្នុង​មួយឆ្នាំ ប្រសិនបើក្នុងរយៈពេល ១ ខែមានព្រះចន្ទពេញវង់ចំនួន ២ កើតឡើង ហើយទីពីរនោះត្រូវបានគេ​ហៅថា​ព្រះចន្ទ​ពណ៌ខៀវ ។

យ៉ាងណាមិញ​ ព្រះចន្ទពណ៌ខៀវក្នុង​សប្ដាហ៍​នេះ នឹងក្លាយ​ជា​ទស្សនីយភាព​ដ៏​កម្រមិន​គួរឲ្យ​ជឿ។ យោងតាមតារាវិទូជនជាតិអ៊ីតាលីលោក Gianluca Masi ដែលជាស្ថាបនិកនៃគម្រោងតេឡេស្កុបនិយាយថា បើសិនយើងខកខាន មិនបានទស្សនានៅយប់នេះទេ ទាល់តែឆ្នាំ ២០៣៧ ទើបវាបង្ហាញខ្លួនម្ដងទៀត​ នោះមានន័យថា ១៤ ឆ្នាំក្រោយទើបមាន Supermoon កើតឡើង ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed