មណ្ឌលគិរី៖ ផ្ទៃដីតំបន់វប្បធម៌ភ្នំដោះក្រមុំ ជាតំបន់អភិរក្សមួយមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ លាតសន្ធឹងលើផ្ទៃដីជិត១០០ហិកតា នៅចំកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលកន្លងមកត្រូវបានក្រុមឆ្លៀតឱកាសរំលោភយកផ្នែកខ្លះនៃតំបន់នេះ ពេលនេះកំពុងត្រូវបានដោះស្រាយផលប៉ះពាល់ស្ទើរទាំងស្រុងហើយ នៅសល់ផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ ដោះស្រាយមិនទាន់ចប់ ។ នេះបើតាមប្រសាសន៍ លោក សី ទូច ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក សី ទូច បានឲ្យដឹងថា បច្ចុប្បន្ននេះផលប៉ះពាល់នៅតំបន់ភ្នំដោះក្រមុំបាននិងកំពុងដោះស្រាយចប់រួចរាល់ជាមួយភាគីពាក់ព័ន្ធប្រមាណ៩០%រួចហើយ ដោយនៅរងចាំតែការផ្ទេរផ្ទៃដីប្រមាណ២ហិកតា ពីសំណាក់ក្រុមហ៊ុនគីមិច មកឲ្យគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តវិញ ដើម្បីឲ្យរដ្ឋបាលថ្នាក់ខេត្តអាចធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាលកំណត់យកបរិវេណផ្ទៃដីតំបន់ភ្នំដោះក្រមុំទាំងមូល ដែលនៅសល់រង្វង់៩០ហិកតា ។
ប្រធានមន្ទីររូបនេះបានបន្តថា ក្រោយពេលតំបន់វប្បធម៌ភ្នំដោះក្រមុំត្រូវបានដោះស្រាយចប់រួចរាល់ មន្ទីរវប្បធម៌រួមនិងផ្នែកពាក់ព័ន្ធនឹងធ្វើការអភិវឌ្ឍន៍តំបន់នេះឲ្យទៅជាតំបន់ទេសចរណ៍ដ៏សម្បូរបែបផងដែរ ឆ្លុះបង្ហាញអំពីផ្នែកវប្បធម៌ជនជាតិដើមភាគតិច ដោយក្នុងនោះនឹងបង្កើតឲ្យមានផ្ទះគំរូនីមួយៗ របស់ជនជាតិដើមភាគតិចទាំង១០ក្នុងខេត្តមណ្ឌលគិរី មានសារមន្ទីរតាងបង្ហាញផលិតផលរបស់ជនជាតិភាគតិច ថែមទាំងបង្កើតឲ្យមានភោជនីយដ្ឋានបែបជនជាតិភាគតិច បម្រើសេវាកម្មដល់អ្នកទេសចរដែលមកកម្សាន្តក្នុងតំបន់ភ្នំដោះក្រមុំនេះយ៉ាងល្អប្រសើរ ។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បញ្ជាក់ថា យ៉ាងណាក៏ដោយលើការងារអភិវឌ្ឍន៍តំបន់ភ្នំដោះក្រមុំ ក៏ចាំបាច់ត្រូវមានដៃគូរវិនិយោគ ទើបអាចបង្កលក្ខណៈឲ្យដំណើរការអភិវឌ្ឍន៍សម្រេចបានក្នុងរយៈយ៉ាងឆាប់រហ័ស ហើយមន្ទីរវប្បធម៌រួមនិងជំនាញពាក់ព័ន្ធនឹងសិក្សាបន្ថែមទៀតលើចំណុចនេះ ដើម្បីធ្វើសិក្ខាសាលារៀបចំផែនការច្បាស់ លាស់ កែច្នៃសក្ដានុពលធម្មជាតិរបស់តំបន់អភិរក្សភ្នំដោះក្រមុំឲ្យកាន់តែស្រស់បំព្រង ។
គេសង្កេតឃើញថា តំបន់វប្បធម៌ភ្នំដោះក្រមុំត្រូវបានសោះស្រាយជាបន្តបន្ទាប់ ហើយមន្ត្រីជំនាញកាលពីពេលកន្លងទៅក៏បានធ្វើការបោះតម្រុយកំណត់បរិវេណតំបន់ភ្នំដោះក្រមុំយ៉ាងច្បាស់លាស់ផងដែរ ដើម្បីខណ្ខចែកឲ្យបានត្រឹមត្រូវរវាងផ្ទៃដីរបស់រដ្ឋ និងដីរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ។ ប៉ុន្តែទោះជាយ៉ាងណា ផ្ទៃដីភ្នំដោះក្រមុំក៏ត្រូវបានបាត់បង់ខ្លះ ព្រោះតែការមកតាំងទីលំនៅរបស់ពលរដ្ឋជាបន្តបន្ទាប់ ក្លាយទៅជាលំនៅដ្ឋាន ដែលមិនអាចបង្ខំឲ្យពួកគាត់រុះរើបាននោះទេ ។
គួររម្លឹកថា តំបន់អភិរក្សភ្នំដោះក្រមុំត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ មានផ្ទៃដី១០២ហិកតា ដោយមាន សជណ ពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែកន្លងផុតទៅជាច្រើនឆ្នាំ នៅពេលក្រុមការងារជំនាញចុះពិនិត្យផ្ទៀងផ្ទាត់តំបន់នេះ រៀបចំចុះបញ្ជីបេតិកភ័ណ្ឌ ក៏ឃើញថាផ្ទៃត្រូវបានបាត់បង់ផ្នែកខ្លះ ហើយក្រោយការដោះស្រាយសម្របសម្រួល ភ្នំដោះក្រមុំនៅសល់ផ្ទៃដីរង្វង់៩០ហិកតា បាត់បង់ប្រហែល១០ហិកតា ៕ អត្ថបទ+រូបភាព ដោយ៖ ភ្នាក់ងារ