ភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបំផ្លិចបំផ្លាញ ទូទាំងភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សចំនួន៤២នាក់ ចាប់តាំងពីថ្ងៃសៅរ៍ទី៨ខែកក្កដាមក។
អាកាសធាតុអាក្រក់ ដែលត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍ បានបណ្តាឲ្យដើមឈើបាក់រលំ ជន់លិចផ្ទះសម្បែង និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងជាច្រើន។
ហើយនៅថ្ងៃអង្គារទី១០ខែកក្កដា ទីក្រុង ដែលី បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ដោយសារតែទឹកទន្លេ Yamuna ឡើងដល់កម្រិតគ្រោះថ្នាក់។
ក្រោយមក ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរមាត់ទន្លេ ត្រូវបានក្រុមមន្ត្រីជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះផ្សេងទៀត ក៏ត្រូវត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ប្រសិនបើចាំបាច់។
ស្របពេលជាមួយគ្នានោះ ចរាចរណ៍នៅលើស្ពានសំខាន់មួយ ដែលឆ្លងកាត់ទន្លេនេះ ត្រូវបានកាត់ផ្តាច់ ហើយសាលារៀនត្រូវបិទជាលើកទីពីរ ដោយសារភ្លៀងធ្លាក់ខ្លាំង។
នៅរដ្ឋ Himachal Pradesh និង Uttarakhand, កងទ័ពឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិងកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់និងអគារ ខណៈការជន់លិច ក៏ត្រូវបានគេរាយការណ៍នៅរដ្ឋ Rajasthan, Punjab និង Haryana ផងដែរ ។
ភ្លៀងមូសុងតាមរដូវ ដែលអូសបន្លាយពីខែមិថុនាដល់ខែកញ្ញា គឺមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់ប្រជាជនឥណ្ឌា ប៉ុន្តែវាក៏បណ្តាលឲ្យមនុស្សស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌា បានជួបប្រទះអាកាសធាតុកាន់តែអាក្រក់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។