ខេត្តស្ទឹងត្រែង៖ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រឺហៅថា TVET Day បាន ប្រារព្វជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ មក ។ ដោយនៅក្នុងឆ្នាំ ២០២២ នេះ បានប្រារព្វនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី សំណាក់ មន្ទីរអង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់ សិក្សានុសិស្ស ។
លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង មានប្រសាសន៍លើកឡើងថា៖ កម្មវិធីទិវានេះ បានប្រារព្វឡើងក្រោមប្រធានបទ (TVET បង្កើនផលិត ភាពការងារ និងការប្រកួតប្រជែងខ្ពស់) ក្នុងគោលបំណង ដើម្បីលើកកំពស់ ការអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិក្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹង អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ក្នុងការជម្រុញការអភិវឌ្ឍ កំលាំងពលកម្មជំនាញ ប្រកបដោយគុណភាព និង ប្រសិទ្ធភាពឱ្យឆ្លើយតបទៅនិងតម្រូវការ ទីផ្សារការងារ នៅក្នុង និងក្រៅប្រទេស។
លោក នាយកមជ្ឈមណ្ឌល បន្តមានប្រសាន៍ថា៖ ទិវាជាតិ លើកទី៥នេះ ត្រូវបានរៀបចំ ឡើងនៅតាមរាជធានី ខេត្ត ទូទាំងប្រទេស ជូនដល់សាធារណៈជន ដើម្បីទទួលបានពត៌មាន និង សមិទ្ធផល TVET ដោយបានធ្វើការផ្សព្វផ្សាយ កម្រងវីដេអូ រូបភាព បដា ផ្ទាំងប៉ាន់ណូ និង ពាក្យ ស្លោក អំពីការរីកចម្រើន នៃវិស័យTVET នៅកម្ពុជា ។
លោកជំទាវ កែវ សាវឿង បានថ្លែងសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ មជ្ឈមណ្ឌល ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ដែលសកម្មភាពនេះ បានបញ្ជាក់ស បញ្ជាក់ ពីការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងខ្លាំងក្លា រវាង អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានា លើវិស័យ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ។
លោកជំទាវអភិបាលរង ថ្លែងបន្តថា៖ ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ន ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្ម ជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តស្ទឹង ត្រែង និងដៃគូពាក់ព័ន្ធ បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗ ជាច្រើន ជាពិសេសការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោល នយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្ដីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ជាដើម៕