មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលបានកំណត់អំពីវិសាលភាពនៃសកម្មភាពវិនិយោគយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិ វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ព្រមទាំងសម្រេចឲ្យបាននូវគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងប្រែក្លាយជាខេត្តសម្រាប់ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងការនាំចេញទៀតផង ។

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រជា ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានដឹកនាំសរសេរផែនការនេះ ដោយផ្អែកលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្ដែងនៃខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវផែនការមេទាំងស្រុង ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ ដែលពោរពេញទៅដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍នៅពេលអនាគត ការវិនិយោគ និង ការបង្កើតតម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ ព្រមទាំងអន្តរវិស័យនានា គាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមួយនេះទាំងមូល ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម បានខិតខំជំរុញដល់ប្រជាកសិករឱ្យបង្កើនការដាំដំណាំបន្លែផ្សេងៗ ការចិញ្ចឹមសត្វ ព្រមទាំងផ្ដល់នូវបច្ចេកទេស ពូជ និងចងក្រងជាសហគមន៍ដើម្បីប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងការធានាបាននូវការផ្គត់ផ្គង់បន្លែនិងសាច់សម្រាប់ទីផ្សារក្នុងស្រុក ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពីវាលស្មៅ អាកាសធាតុ ធនធានព្រៃឈើ ខេត្តមណ្ឌលគិរីក៏មានចម្ការស្រល់របស់រដ្ឋនិងក្រុមហ៊ុនវិនិយោគ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ម្យ៉ាងទៀតក្រសួងកសិកម្មក៏មានគម្រោងរៀបចំអោយមានសួនផ្កាចំរុះលើទំហំផ្ទៃដីជាង៤៧០ហិកតា នៅស្រុកអូរាំង និង នៅក្រុងសែនមនោរម្យ ដើម្បីបង្កើតជាទស្សនីយភាពថ្មីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់បំផុត ចំពោះការអភិវឌ្ឍនៅលើទឹកដីខេត្តមណ្ឌលគិរី ជាពិសេសតាមរយ:ការដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងការរៀបចំយន្តការអនុវត្តការងារដែលមានការចូលរួមពីសមាសភាពតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមជាមួយគ្នានេះដែរ រដ្ឋបាលខេត្តមណ្ឌលគីរី បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមអនុវត្តន៍នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ។

គួររម្លឹកថា ខេត្តមណ្ឌលគិរី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកំណត់យកជាខេត្តប៉ូលអភិវឌ្ឍសេដ្ឋកិច្ចទី៤ គឺជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យអេកូទេសចរណ៍ កសិឧស្សាហកម្ម ធនធានធម្មជាតិ និង រ៉ែ ដែលសក្កានុពលទាំងអស់នេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តមណ្ឌលគីរី ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ៕

អត្ថបទ+រូបភាព៖ ភ្នាក់ងារ

Leave a Reply

Your email address will not be published. Required fields are marked *

You missed