មណ្ឌលគិរី៖ មន្ត្រីបរិស្ថានមួយរូបឈ្មោះ សៀង រ៉ាវី ហៅភ័ក្រ បាននាំយកគ្រឿងចក្រទៅឈូសឆាយដី ស្ថិតនៅតំបន់ហាមឃាត់ ដែលជាដីសម្បទានសង្គមកិច្ចបម្រុងទុក សម្រាប់ផ្ដល់ឲ្យជនក្រីក្រ មានទីតាំងនៅភូមិវ៉ាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ។ ករណីនេះបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ ខណៈជនរងគ្រោះរូបនោះកំពុងចុះទៅចាប់ត្រីក្នុងទឹកស្រះ ហើយក៏ត្រូវគ្រឿងចក្របុកចំបណ្ដាលឲ្យស្លាប់តែម្ដង ។

ប្រភពពីពលរដ្ឋនៅទីនោះបានប្រាប់ថា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចមានទំហំជាង២០០០ហិកតានេះ គឺនៅមិនទាន់មានការបែងចែក ឬប្រគល់ទៅឲ្យជនក្រីក្រណាឡើយ ដែលកំពុងស្ថិតជាដីបម្រុងសម្រាប់ផ្ដល់ឲ្យជនក្រីក្រ ប៉ុន្តែជាក់ស្ដែងដីសម្បទានទាំងនេះ ត្រូវបានជនខិលខូចគប់គិតគ្នា កាប់ឆ្ការឈូសឆាយដើម្បីគ្រប់គ្រង និងបានលក់ដូរតៗគ្នាច្រើនឆ្នាំមកហើយ ។ ជាក់ស្ដែងសូម្បីលោក សៀង រ៉ាវី ហៅភ័ក្រ ដែលជាអតីតមន្ត្រីបរិស្ថានការពារធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានភារកិច្ចថែរក្សាអភិរក្សធម្មជាតិក្នុងតំបន់ដីសម្បទាននេះ បែរជាមានចំណែកកាន់កាប់ដីក្នុងតំបន់ហាមឃាត់ទៅវិញ ហើយថែមទាំងយកគ្រឿងចក្រទៅឈូសឆាយទាំងបំពាន រហូតបុកចំមនុស្សស្លាប់ ។

ជុំវិញករណីនេះ លោក ផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដា បានប្រាប់នៅថ្ងៃទី១១ មីនា ២០២៥នេះថាបច្ចុប្បន្នម្ចាស់គ្រឿងចក្របានគេចខ្លួន មិនចូលខ្លួនដោះស្រាយនោះទេ ខណៈគ្រឿងចក្រកំពុងត្រូវបានឃាត់ទុកនៅទីតាំងកើតហេតុ ។ ចំណែកម្ចាស់ដីឈ្មោះ សៀង រ៉ាវី ហៅភ័ក្រ ជាមន្ត្រីបរិស្ថាន បានចូលខ្លួនមកបំភ្លឺរួចហើយ និងស្នើឲ្យម្ចាស់គ្រឿងចក្រជាអ្នកទទួលខុសត្រូវ ប៉ុន្តែទោះជាយ៉ាងណាលោកអធិការបញ្ជាក់ថា ក្នុងករណីនេះម្ចាស់ដីត្រូវមានចំណែកក្នុងការទទួលខុសត្រូវចំពោះជនរងគ្រោះដែលបានស្លាប់ ។ ហើយនគរបាលបានកសាងសំណុំរឿងរួចហើយ ត្រៀមបញ្ជូនទៅតុលាការ ។

អភិបាលរងស្រុកពេជ្រាដា លោក អ៊ាន ស៊ាងអន បានឲ្យដឹងដែរថា រដ្ឋបាលស្រុកពុំបានដឹងអំពីការយកគ្រឿងចក្រចូលទៅឈូសឆាយតំបន់នោះទេ ។ លោកថា តំបន់ដីសម្បទានទាំងនេះ ថ្នាក់ដឹកនាំបានចាត់ឲ្យមន្ត្រីជំនាញចុះស្រង់ទិន្នន័យរួចហើយ ប៉ុន្តែមិនទាន់មានការផ្ដល់ប្លង់កម្មសិទ្ធិ ឬត្រូវបែកចែកបែបណានោះទេ ។ ហើយជុំវិញករណីគ្រឿងចក្របុកចំមនុស្សស្លាប់ គឺស្ថិតក្នុងសមត្ថកិច្ចរបស់អធិការនៃអធិការដ្ឋាននគរបាលស្រុក ជាអ្នកអនុវត្តនីតិវិធី ។

លោក សៀង រ៉ាវី ហៅភ័ក្រ បច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា យើងមិនទាន់អាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១១ មីនា ២០២៥នេះ ។ (ខលមិនលើកទូរសព្ទ)

គួររម្លឹកដែរថា ករណីគ្រឿងចក្របុកមនុស្សស្លាប់ បានកើតហេតុនៅថ្ងៃទី០៨ មីនា ២០២៥ ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកែវសីមា ៕

Leave a Reply

Your email address will not be published. Required fields are marked *